(កំពង់ធំ)៖ លោក ទេព រីម អភិបាលរងស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានចុះផ្សព្វផ្សាយអប់រំណែនាំឱ្យបងប្អូន អាជីវករផ្សារសណ្តាន់ ត្រូវរៀបចំការលក់ដូរឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថាន និងមានសុវត្ថិភាពទាំងខាងក្នុង និងខាងក្រៅបរិវេនផ្សារ។

ជាមួយគ្នានេះលោក ទេព រីម បានអប់រំណែនាំឱ្យអាជីវករខាងក្នុងនឹងខាងក្រៅបរិវេនផ្សារឱ្យលក់ដូរមានសណ្តាប់ធ្នាប់ អនាម័យ និងមានសុវត្ថិភាព ដែលមានខ្លឹមសារដូចខាងក្រោម៖

ទី១៖ អាជីវករដែលលក់លើផ្លូវសាធារណត្រង់ចំណុចខាងកើតផ្សារ ចាប់ពីកែងផ្ញើរម៉ូតូរហូតដល់ខាងក្រោយខ្លោងទ្វារផ្សារសណ្តាន់ សូមឱ្យទៅលក់ខាងក្នុងផ្សារវិញ។

ទី២៖ អាជីវករខាងមុខ និងខាងក្រោយផ្សារលក់ត្រឹមតូបដែលកំណត់ដោយប្លង់ផ្សារ និងឱ្យរើ តុ គ្រែដែលដាក់សម្ភារៈ ស្បែកជើង ខោអាវ បាំងផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ទី៣៖ ចំពោះជាងកែសម្ភស្សសាឡន ត្រូវរើសម្ភារបាំងសម្រាប់បន្ទោបង់នៅក្នុងផ្សារចំនួនពីរកន្លែងចេញពីផ្លូវប្រជាពលរដ្ឋធ្វើដំណើរ។

ទី៤៖ អាជីវករចំនួនពីរកន្លែងដែលធ្វើបាំងជញ្ជាំងកាត់ផ្លូវដើរ ដែលមានឈ្មោះ សីវ ឃឹម នឹង តូបយាយណាត

ទី៥៖ អាជីវករលក់មុខផ្ទះ សូមលក់ត្រឹមមុខផ្ទះ កុំឱ្យដាក់មកកណ្តាលផ្លូវខ្លាំងពេកដើម្បីទុកផ្លូវឱ្យរថយន្តសង្រ្កោះ បន្លត់អគ្គិភ័យធ្វើចរាចរណ៍ឱ្យបានរហ័ស ក្នុងករណីកើតឡើងដោយចែដន្យ។

ទី៦៖ តូបចំនួនពីរកន្លែងដែលលួចសាងសង់ពេលយប់ដាក់សំណាញ់ព័ទ្ធជុំវិញតូប ត្រូវរុះរើចេញហើយត្រូវដាក់លក់ដូចអាជីវករទូទៅ ដោយទីតាំងនេះជាផ្សារបន្លែ។

លោកអភិបាលរងស្រុកសណ្តាន់ បានសំណូមពរឱ្យអាជីវករ នឹងប្រជាពលរដ្ឋលក់ដូរឱ្យត្រូវមានអនាម័យ សណ្តាប់ធ្នាប់ល្អ និងជួយថែរក្សាបរិស្ថានទាំងអស់គ្នា ចំពោះករណីដុតសំរាម និងអាជីវករលក់ដូរមួយចំនួនមិនព្រមបង់ថ្លៃអនាម័យ សូមមកបង់ឱ្យបានគ្រប់ៗគ្នា៕