(កំពង់ចាម)៖ លោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល បានឲ្យដឹងថា ការងារសុខភាពផ្លូវចិត្ត និងគ្រឿងញៀនបានក្លាយទៅជាអាទិភាពថ្មីមួយទៀតក្នុងវិស័យសុខាភិបាល ហើយគោលដៅអភិវឌ្ឍប្រកបដោយ និរន្ដរភាព (SDG) បានដាក់បញ្ចូលការងារសុខភាពផ្លូវចិត្ត និងគ្រឿងញៀនជាអាទិភាពផងដែរ ដោយបង្កើតឱ្យមានសូចនាករសម្រាប់វាស់វែង សម្រាប់ឆ្នាំ២០១៦ ដល់ឆ្នាំ២០៣០។

ការបញ្ជាក់បែបនេះ របស់លោកស្រី អគ្គនាយកបច្ចេកទេសសុខាភិបាល ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងពិធី​បើកសិក្ខាសាលាស្តីពី «ជម្ងឺផ្លូវចិត្ត និងគ្រឿងញៀន» សម្រាប់គ្រូពេទ្យព្យាបាល និងគិលានុបដ្ឋាក ដោយមានការចូលរួមពី លោកប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម ស្វាយរៀង ព្រមទាំងមន្ដ្រីសុខាភិបាល គ្រូពេទ្យជាច្រើននាក់ផងដែរ។

​លោកស្រី ឱ វណ្ណឌីន ​បន្ថែមថា ដើម្បីសម្រេចបាននូវលទ្ធផលទាំងនេះ ទាមទារឱ្យមានការខិតខំប្រឹងប្រែងទាំងអស់គ្នា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធ្វើសកម្មភាពព្រមគ្នា តម្រង់ទៅកាន់គោលដៅរួមទាំងអស់គ្នា។ លោកស្រី បានបញ្ជាក់ថា ​របកគំហើញថ្មីៗ បានបង្ហាញថា ជម្ងឺផ្លូវចិត្ត និងភាពញៀនគ្រឿងញៀន វាជាជម្ងឺខួរក្បាល (Brain Diseases) ជាបញ្ហាសុខភាពដែលត្រូវទទួលការព្យាបាល ឱ្យបានសមស្របតាមបែបវេជ្ជសាស្រ្ត ហើយបានជាចាប់តាំងពីឆ្នាំ ២០០៨មក ក្រសួងសុខាភិបាល បានចាត់ទុកការងារសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀនជាអាទិភាពមួយ ក្នុងចំណោមអាទិភាពនានារបស់ក្រសួង ហើយបានដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្រ្តសុខាភិបាល២០០៨-២០១៥ ហើយសេវាសុខភាពផ្លូវចិត្ត និងគ្រឿងញៀនក៏បានដាក់បញ្ចូលទៅក្នុងសំណុំសកម្មភាពអប្បបរិមា និងសំណុំសកម្មភាពបង្គ្រប់ ផងដែរ។ លោកស្រី បន្ដថា បច្ចុប្បន្ន ក្រសួងសុខាភិបាល កំពុងកសាង ផែនការយុទ្ធសាស្រ្តសុខាភិបាល ២០១៦-២០២០ ដំណាក់កាលទី៣ ដែលក្នុងនោះ សូចនាករសម្រាប់សុខភាពផ្លូវចិត្ត និងគ្រឿងញៀន ត្រូវបានដាក់បញ្ចូល សម្រាប់ធ្វើការវាស់វែងផងដែរ។

លោកស្រី បានគូសបញ្ជាក់ថា «សិក្ខាសាលារបស់យើងនៅថ្ងៃនេះ ជាសកម្មភាពមួយដែលមានគោលបំណង បង្កើនជំនាញស្តីពីសុខភាពផ្លូវចិត្ត និងគ្រឿងញៀន ដល់គ្រូពេទ្យព្យាបាល និងគិលានុបដ្ឋាក ដែលឈានទៅពង្រីកសេវាសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន សំដៅលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ឱ្យបានប្រសើរឡើង»

​ឆ្លៀតក្នុងឱកាសនេះ ​អគ្គនាយកបច្ចេកទេសសុខាភិបាល ក៏បានណែនាំដល់ ក្រុមគ្រូពេទ្យថា ​ខិតខំ រៀនសូត្រ នូវអ្វីដែលគ្រូឧទ្ទេសនាម បានបង្ហាត់ បង្រៀន ដើម្បីយកចេះដឹងទាំងនេះទៅប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ហើយត្រូវរក្សាទំនាក់ទំនងរវាងគ្រូពេទ្យ និងអ្នកជំងឺ ឱ្យមានប្រសិទ្ធភាព ពីព្រោះវានឹងជួយដល់ការងារព្យាបាល និងថែទាំ ព្រមទាំងប្រកាន់ខ្ជាប់នូវក្រមសីលធ៌មវិជ្ជាជីវៈ ហើយផ្តល់ការព្យាបាលដោយមិនមានការរើងអើង ជាពិសេសជៀសវាងឲ្យបានដាច់ខាត នូវការបង្កជម្លោះជាមួយអ្នកជម្ងឺ និងខិតខំរៀនសូត្រជាប្រចាំ ក្នុងនាមជាគ្រូពេទ្យ ដែលត្រូវលើកម្ពស់សមត្ថភាព និងជំនាញ។

ជាចុងក្រោយ លោកស្រី សូមថ្លែងអំណរគុណដល់ លោកប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម ស្វាយរៀង ដែលបានខិតខំប្រឹងប្រែងក្នុងការពង្រីកសេវាព្យាបាល ជម្ងឺផ្លូវចិត្ត និងការបំពានគ្រឿងញៀន សូមកោតសរសើ ដល់នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន គ្រូឧទ្ទេសនាមទាំងអស់ ដែលបានសហការរៀបចំសិក្ខាសាលា ឱ្យបានជាផ្លែផ្កា នាថ្ងៃនេះ៕