(ឌូបៃ)៖ កប៉ាល់ដឹកប្រេងមួយគ្រឿងជាកម្មសិទ្ធិរបស់ចិន បានរងការវាយប្រហារដោយគ្រាប់មីស៊ីលបាលិស្ទីគរបស់ក្រុមហ៊ូទី ដែលកំពុងបង្កើនការវាយប្រហាររបស់ខ្លួន លើកប៉ាល់ដឹកទំនិញ នៅក្នុងតំបន់សមុទ្រក្រហម។ នេះបើតាមយោធាអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤។

ទីបញ្ជាការកណ្ដាលអាមេរិក ឬហៅកាត់ថា CENTCOM បានឱ្យដឹងទៀតថាកប៉ាល់ដឹកប្រេងខាងលើដោតទង់ជាតិប៉ាណាម៉ា ជាកម្មសិទ្ធិរបស់ចិន និងប្រតិបត្តិការដោយ ក្រុមហ៊ុន Huang Pu បានចេញសារប្រកាសអាសន្ន តែមិនបានស្នើសុំជំនួយនោះទេ។ តាម CENTCOM មិនមានមនុស្សម្នាក់រងរបួស ក្នុងការវាយប្រហាររបស់ក្រុមហ៊ូទី ឡើយ រីឯកប៉ាល់ក៏បានបន្តធ្វើដំណើរតាមទិសដៅរបស់ខ្លួនឡើងវិញដែរ។

គួរបញ្ជាក់ថា បើតាម CENTCOM ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ មានមូលដ្ឋានក្នុងប្រទេសយេម៉ែន បានបាញ់មីស៊ីលបាលិស្ទីគ ៥គ្រាប់ នៅក្បែរកប៉ាល់ Huang Pu ហើយ ក្នុងនោះគ្រាប់ទី៥ បានធ្លាក់ចំកប៉ាល់នេះ។ កន្លងមក ក្រុមហ៊ូទី ក៏បានអះអាងផងដែរថាកប៉ាល់របស់ចិន និងរុស្ស៉ី មិនស្ថិតនៅក្រោមគោលដៅវាយប្រហារនោះទេ៕