(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌​ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងរៀបរាប់ថា ក្នុងសង្គមមនុស្សលើពិភពលោកនេះ មិនថា ជាតិសាសន៍ដទៃ ឬជាតិសាសន៍ខ្មែរយើងទេ បើមានសាមគ្គីភាព ជាមហាគ្រួសារតែមួយ នឹងផ្ដល់នូវភាពជោគជ័យ ដែលធ្វើឲ្យសង្គមជាតិមានការរីកចម្រើនជឿនលឿន ប្រកបដោយវឌ្ឍនភាព លើគ្រប់ផ្នែក និងគ្រប់វិស័យទាំងអស់។

ហេតុនេះបើនិយាយអំពីពាក្យសាមគ្គីភាព ចាប់តាំងពីការធ្លាក់ចុះនៃចក្រភពអង្គរមក យើងតែងឮមិនថាអ្នកនយោបាយ ព្រះសង្ឃ ឬមហាជនគ្រប់មជ្ឈដ្ឋាន តែងតែស្រែកអំពាវនាវសូមឲ្យប្រជាជាតិខ្មែរ ត្រូវរួបរួមសាមគ្គីគ្នា ជាមហាគ្រួសារខ្មែរតែមួយទ្បើងវិញ ខ្មែរនឹងខ្លាំងដូចសម័យចក្រភពអង្គរម្តងទៀត ប៉ុន្ដែហាក់ពុំបានពន្យល់ទេថា តើដើម្បីឲ្យជាតិមានសាមគ្គីភាពគ្នា ត្រូវផ្ដើមចេញពីកត្ដាអ្វីខ្លះនោះទេ។

ស្ថិតក្នុងន័យនេះ ដើម្បីធ្វើឲ្យជាតិ មានសាមគ្គីភាពត្រូវផ្ដើមចេញពីកត្ដា ៦យ៉ាងគឺ៖ 

* ១៖ ផ្ដើមពីដំបូង គឺការរាប់អានគ្នា
* ២៖ កាលណាយើងចេះរាប់អានគ្នា នាំឲ្យកើតសេចក្ដីស្រទ្បាញ់ទុកចិត្ដដល់គ្នា
* ៣៖ កាលណាមានការស្រទ្បាញ់ទុកចិត្ដដល់គ្នា នាំឲ្យមានសេចក្ដីស្រទ្បាញ់ដឹងសុខទុក្ខធុរៈគ្នា
* ៤៖ កាលណាដឹងនូវសុខទុក្ខធុរៈគ្នា នាំឲ្យចេះជួយសង្រ្គោះយកអាសាគ្នា
* ៥៖ កាលណាចេះជួយសង្រ្គោះយកអសាគ្នា នាំឲ្យចេះចែករំលែកដល់គ្នា និងចុងក្រោយ
* ៦៖ ការចែករំលែកដល់គ្នានេះហើយ គឺនាំឲ្យមានសាមគ្គីភាពជាតិនេះឯង។

លោក រ័ត្ន សណ្ដាប់ បន្ដថា សាមគ្គីភាពជាតិក្នុងន័យនេះ សម្តៅដល់ការរួបរួមទាំងឡាយណា ដែលនាំមកនូវសេចក្ដីសម្រេចផល ការស្រុះស្រួល ឯកភាពគ្នា ឬការចេះរួបរួមកម្លាំងគ្នា ទាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី នាំឲ្យមានភាពរីកចម្រើនជឿនលឿន ជោគជ័យ ក្នុងសុខសន្តិភាព។ ជាកម្លាំងដ៏រឹងមាំសម្រាប់ប្រយុទ្ធតទល់នឹងសត្រូវគ្រប់ឧបសគ្គ គ្រប់ស្ថានការណ៍ ដែលប្រៀបដូចនឹងចង្កឹះមួយបាច់ សាមគ្គីជាកម្លាំង គ្មានខ្មាំងសត្រូវណាមួយហ៊ានមកបៀតបៀនឡើយ។

សាមគ្គី ជាកម្លាំងជំរុញដ៏សំខាន់ និងរឹងមាំក្នុងការបំពេញកិច្ចការ និងដោះស្រាយរាល់បញ្ហាតូចធំ ដែលជាចំណងនៃការសហការរួបរួម ដែលកើតមានរវាងមនុស្សចាប់ពីពីរនាក់ឬច្រើននាក់ឡើងទៅ ជាគ្រួសារ ចងជាក្រុម ជាសហគមន៍ សង្គមជាតិ និងប្រជាជាតិទាំងមូល។ នាំមកនូវសេចក្ដីស្រឡាញ់រាប់អាន ភាពស្និទ្ធស្នាល ការជឿទុកចិត្ត ការគោរពសិទ្ធិ ការចេះចែករំលែក ការយោគយល់អធ្យាស្រ័យ គោរពឲ្យតម្លៃគ្នា ក្នុងភាពជាមនុស្សដូចគ្នា។

ជាសរុប លោក រ័ត្ន សណ្ដាប់ បញ្ជាក់ថា ក្នុងតថភាពសង្គម កម្លាំងសាមគ្គី ធ្វើឲ្យមានសេចក្ដីសុខ សុភមង្គល ដើម្បីរក្សាវង្សត្រកូលឲ្យមានសេចក្ដីថ្លៃថ្នូរ។ ដោយហេតុថា សាមគ្គី ជាកត្ដាកំណត់ដើម្បីឲ្យយើង ស្គាល់និងចេះរួមសុខទុក្ខជាមួយគ្នា ចេះជួយយកអាសាគ្នា និងរួមរស់ជាមួយគ្នា បង្កើតភាតរភាពជាបងប្អូន កាន់តែស្អិតល្មួត និងរឹងមាំទ្វេឡើង។

ក្នុងឆាកជីវិតនៃការរស់នៅពោរពេញដោយភាពថ្លៃថ្នូរ មានកិត្តិយស សុភមង្គល សីលធម៌ គុណធម៌ សុជីវធម៌ ឈានឆ្ពោះទៅកាន់ការអភិវឌ្ឍ នៅគ្រប់កាលៈទេសៈ។ តួយ៉ាងដូចជារឿង រៃនិងស្រមោច បានឆ្លុះបញ្ខាំងអំពីកម្លាំងសាមគ្គីភាពរបស់ក្រុមស្រមោច គឺតែងតែបានផ្ដល់នូវគំរូដែលជាផលប្រយោជន៍ដល់មនុស្ស ចេះសាមគ្គីគ្នានាំដល់ភាពជោគជ័យលើគ្រប់កិច្ចការទាំងតូចទាំងធំ៕