(កំពង់ធំ)៖ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ លោក កែ ក្រានីត សមាជិកអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានចុះសួរសុខទុក្ខនិងចែកសម្ភារសិក្សាដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅស្រុកជីក្រែង ខេត្តសៀមរាប និងសាលាបឋមសិក្សាជ័យ ស្ថិតនៅឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោកបានបញ្ជាក់ឲ្យដឹងថា ទាំងនេះគឺជាការរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់វិស័យអប់រំ ក៏ដូចជាធនធានមនុស្ស ហើយលោកក៏បានណែនាំដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ ទាំងនៅសាលារៀន និងនៅគេហដ្ឋាន ដើម្បីក្លាយជាសិស្សល្អ កូនល្អ និងមិត្តល្អគ្រប់ៗគ្នា និងជាសសរទ្រូងអនាគតរបស់ប្រទេសជាតិ។

ជាមួយនេះ លោកក៏បាននាំយកនូវស័ង្កសីជ័រចំនួន៣២សន្លឹក ទ្វារឈើចំនួន៣ បង្អួចឈើចំនួន១២ សម្រាប់ជួសជុលអគារសិក្សាមួយខ្នងស្ថិតនៅក្នុងភូមិជ័យ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានការទ្រុឌទ្រោមខ្លាំង ហើយអាចឱ្យសិស្សានុសិស្សសិក្សារៀនសូត្រប្រកបដោយសុវត្ថិភាពឡើងវិញ។

លោកក៏បានថ្លែងអំណរគុណដល់សប្បុរសជនជិតឆ្ងាយដែលបានឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ និងថវិកា តាមរយៈលោកផ្ទាល់សម្រាប់ចែកជូនដល់សិក្សានុសិស្សលោកគ្រូអ្នកគ្រូ ក៏ដូចជាជួសជុលអគារសិក្សានៅពេលនេះ។

លោកក៏បានផ្សព្វផ្សាយអំពីអាហារូបករណ៍ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសាកលវិទ្យាល័យនានានៅក្នុងរាជធានីភ្នំពេញបានផ្ដល់ជូនតាមរយៈខ្លួនលោកដល់និស្សិតដែលចង់បន្តការសិក្សានៅសាកលវិទ្យាល័យ នាឆ្នាំសិក្សា២០២៤-២០២៥ខាងមុខ សូមទាក់ទងមករូបលោកផ្ទាល់ដើម្បីបានបន្តការសិក្សាតាមស្ថានភាព និងចំនួនជាក់ស្ដែង។

គួរបញ្ជាក់ថា សម្ភារសិក្សាដែលត្រូវចែកជូននេះមាននៅបឋមសិក្សាក្របីរៀល សិក្សាហ៊ុនសែនគំរូ និងបឋមសិក្សាជ័យ ដែលមានជារួមសៀវភៅរឿង សៀវភៅផាត់ពណ៌១៥០០ក្បាលសម្ភារកីឡាមួយចំនួន មានបាល់ទាត់១០ បាល់ទះ១០ បាល់បោះ៤ ពាក្យស្លោក២០០សន្លឹក ផ្ទាំងរូបភាព៣០០០សន្លឹក និងនាឡិកាព្យួរជញ្ជាំង៥០ផងដែរ៕