(ភ្នំពេញ)៖ ស្រ្តី សួរ ស្រីកែវ បានចេញលិខិតច្រានចោលការចោទប្រកាន់របស់លោកឧត្តមសេនីយ៍ត្រី អ៊ូ សុផល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ដែលលោកបានចោទប្រកាន់ពាក់ព័ន្ធករណីញុះញង់ មូលបង្កាច់កេរ្តិ៍សាធារណៈ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ អ្នកដទៃ។

សូមបញ្ជាក់ថា ការចេញមកច្រានចោលការចោទប្រកាន់ទាំងនេះ បានធ្វើឡើងក្រោយលោកឧត្តមសេនីយ៍ត្រី អ៊ូ សុផល កាលពីពេលថ្មីៗនេះ បានដាក់ពាក្យបណ្តឹងមួយទៅកាន់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ ប្រធានភូមិត្រពាំងប្រិយ៍ សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ និងមនុស្ស៣នាក់ទៀត ក្នុងនោះក៏មានស្រ្តីឈ្មោះ សួរ​ ស្រីកែវ ផងដែរ។

ការប្តឹងនេះក៏បានធ្វើឡើងក្រោយលោកមេភូមិត្រពាំងប្រិយ៍ បានដាក់ពាក្យបណ្តឹងមួយទៅកាន់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយចោទប្រកាន់លោក អ៊ូ សុផល ពាក់ព័ន្ធហិង្សា និងគំរាមបាញ់សម្លាប់ ក្នុងករណីវិវាទដីធ្លីមួយកន្លែង តែក្រោយមកលោកមេភូមិ បានធ្វើលិខិតសុំទោសលោកឧត្តមសេនីយ៍ត្រី អ៊ូ សុផល។

នៅក្នុងពាក្យបណ្តឹងនោះ លោកឧត្តមសេនីយ៍ត្រី អ៊ូ សុផល បានចាត់ទុកថា ការដាក់ពាក្យបណ្តឹងរបស់ប្រធានភូមិត្រពាំងប្រិយ៍ លោក យ៉យ នួន គឺធ្វើឡើងដោយមានការរៀបចំរបស់ សួរ ស្រីកែវ។ ដោយសារមានការចោទប្រកាន់ និងការលើកឡើងបែបនេះ ទើប សួរ ស្រីកែវ បានចេញលិខិតច្រានចោលតែម្តង និងថា នាងមិនបាននៅពីក្រោយនៃការដាក់ពាក្យបណ្តឹងរបស់លោកមេភូមិនោះទេ។

នៅក្នុងលិខិតបំភ្លឺរបស់ខ្លួនកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ សួរ ស្រីកែវ បានបញ្ជាក់ជូនថា នៅក្នុងរឿងការផ្សាព្វផ្សាយព័ត៌មានគ្រប់បែបយ៉ាងគឺលោក យ៉យ នួន ជាប្រធានភូមិត្រពាំងប្រិយ៍ ជាអ្នកសម្ភាសជាមួយសារព័ត៌មានដោយខ្លួនឯង គឺពុំមាននាងនៅក្នុងអង្គហេតុសម្ភាសនោះទេ។

ពាក់ព័ន្ធនឹងបញ្ហាមួលបង្កាច់កេរ្តិ៍យ៉ាងណានោះនាងក៏បានបញ្ជាក់ថា ជារឿងរបស់លោកមេភូមិ និងឈ្មោះ អ៊ូ សុផល ព្រោះនាងពុំបានដឹងរឿងទំនាស់អ្នកទាំងពីរទេ លុះត្រាតែមានការរៀបរាប់ពីឈ្មោះ យ៉យ នួន ខ្លួនឯងទើបអ្នកសារព័ត៌មានដឹងទាំងអង្គហេតុ និងពេលវេលា។

នាងក៏បានលើកឡើងទៀតថា នៅក្នុងពាក្យបណ្តឹងរបស់លោកឧត្តមសេនីយ៍ត្រី អ៊ូ សុផល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក៏ពុំបានសរសេរបង្ហាញ និងពុំមានភស្តុតាងពីការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃត្រង់ណានោះទេ ហើយនាងក៏ពុំបានដឹងដែរ៕