(ភ្នំពេញ)៖ កម្ពុជា និងសាធារណរដ្ឋអាស៊ែបៃហ្សង់ បានឯកភាពគ្នាចុះហត្ថលេខាលើអនុស្សណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងជំរុញការតភ្ជាប់ប្រទេសទាំងពីរឲ្យបានឆាប់រហ័ស។

ការឯកភាពធ្វើឡើងក្នុងជំនួបរវាងលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយ លោក Shovgi Mehdizada ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលមាននិវេស្សនដ្ឋានប្រចាំនៅទីក្រុងហាណូយ ប្រទេសវៀតណាម នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដើម្បីពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។

លោករដ្ឋមន្រ្តី និងឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ក៏បានឯកភាពជំរុញការចុះហត្ថលេខាលើអនុស្សណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងជំរុញការតភ្ជាប់ប្រទេសទាំងពីរឲ្យបានឆាប់រហ័សផងដែរ។

ដោយឆ្នាំ២០២៤ ជាឆ្នាំគម្រប់ខួប៣០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-អាស៊ែបៃហ្សង់ លោកឯកអគ្គរដ្ឋទូតបានស្នើលោករដ្ឋមន្រ្តី ពិនិត្យលទ្ធភាពសហការរៀបចំកម្មវិធីផ្សេងៗ ដើម្បីអបអរសាទរខួប៣០ឆ្នាំនៃទំនាក់ទំនងការទូតនេះ និងជំរុញរំហូរទេសចរនៃប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូតបានកោតសរសើរចំពោះការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា និងបានស្នើសុំលោករដ្ឋមន្រ្តីចែករំលែកបទពិសោធន៍ តាមរយៈក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា វិទ្យាស្ថានជាតិទេសចរណ៍ និងសាលាវិជ្ជាជីវៈទេសចរណ៍ជាដើម៕