(ភ្នំពេញ)៖ កម្ពុជាបានស្នើឱ្យសហភាពអឺរ៉ុប ជួយជំរុញក្រុមហ៊ុន និងអ្នកវិនិយោគទេសចរណ៍អឺរ៉ុប មកបោះទុនវិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជា និងជួយជំរុញឱ្យមានជើងហោះហើរត្រង់ពីតំបន់អឺរ៉ុបមកកម្ពុជាបន្ថែម។

ការស្នើនេះធ្វើឡើងក្នុងជំនួបរវាងលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដើម្បីពិភាក្សាលើកាលានុវត្តភាពកិច្ចសហប្រតិបត្តិការ​ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។

លោករដ្ឋមន្រ្តីបានស្នើឱ្យឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបជួយជំរុញក្រុមហ៊ុន និងអ្នកវិនិយោគទេសចរណ៍អឺរ៉ុបមកបោះទុនវិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជា និងបានស្នើឱ្យឯកអគ្គរដ្ឋទូតជួយជំរុញឱ្យមានជើងហោះហើរត្រង់ពីតំបន់អឺរ៉ុបមកកម្ពុជាផងដែរ។

លោករដ្ឋមន្រ្តីបានចែករំលែកនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តបង្កើន៥ អភិវឌ្ឍ៣ (BUILD + 3Ds) និងចក្ខុវិស័យក្នុងការពង្រឹងយន្តការភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងឯកជន តាមរយៈក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ដើម្បីកៀរគរឱ្យមានការចូលរួមកាន់តែសកម្មពីវិស័យឯកជន។

លោករដ្ឋមន្រ្តី និងឯកអគ្គរដ្ឋទូត បានកត់សម្គាល់ពីការចូលរួមយ៉ាងសកម្ម និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់សភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) លើការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា៕