(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញសម្ពោធឆ្លង ខ្លោងទ្វារ រួមជាមួយសមិទ្ធផលនានា ក្នុងវត្តបន្ទាយដី ស្ថិតក្នុងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ដោយចំណាយថវិកា ក្នុងការស្ថាបនា អស់ប្រមាណជាង ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

លោករដ្ឋមន្ត្រី កែវ រតនៈ និងលោកអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឧបាសិកា ឡាយ ស៊ីណយ ព្រមទាំងបុត្រ រស់នៅរាជធានីភ្នំពេញ ដែលមានដើមកំណើត នៅខេត្តពោធិ៍សាត់ រួមជាមួយនឹងពុទ្ធបរិស័ទជិតឆ្ងាយ ដែលមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា បានចូលរួមកសាងខ្លោងទ្វារ និងសមិទ្ធផលនានាក្នុងវត្តបន្ទាយដី សង្កាត់បន្ទាយដី ហើយត្រូវបានប្រារព្ធពិធីសម្ពោធឆ្លងនាពេលនេះ។

ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ថា ទាំងនេះគឺជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីសមិទ្ធផលនានា ដែរតែងតែកើតមាន នៅក្នុងវត្តបន្ទាយដី ក៏ដូចបណ្តាវត្តទូទាំងខេត្ត តាមរយៈគុណតម្លៃនៃសុខសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រទទួលបានភាពរីកចម្រើនគួរជាទីមោទនៈ។

លោកទាំងពីរ បានថ្លែងថា វត្តបន្ទាយដី គឺជាវត្តមានអាយុកាលចាស់វស្សា ហើយក៏ជាវត្តត្រូវបានរបបកម្ពុជាប្រជាធិបតេយ្យ បំផ្លិតបំផ្លាញ និងរក្សាទុកស្លាកស្នាមឈាម នៅតាមជញ្ជាំងព្រះវិហារ នៅខាងមុខស្រាប់។ ការកសាងនូវសមិទ្ធផលទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ គឺទាមទាជាចាំបាច់ឱ្យមានការចូលរួមពីសំណាក់ពុទ្ធបរិស័ទគ្រប់ទិសទី។

លោករដ្ឋមន្ត្រី កែវ រតនៈ និងលោកអភិបាលខេត្តពោធិ៍សាត់ បានបន្ថែមថា វត្តបន្ទាយដី ក៏ដូចជាបណ្តាវត្តផ្សេងៗទៀត នៅតែទាមទារឱ្យមានការចូលរួមពីពុទ្ធបរិស័ទ ក្នុងការកសាងបន្តទៀត ដែលជាតម្រូវការចាំបាច់របស់ព្រះសង្ឃ គង់នៅរៀនសូត្រ និងជាទីកន្លែងសម្រាប់ធ្វើបុណ្យទានរបស់ពុទ្ធបរិស័ទ។ ពិតណាស់ថា ក្រោមការដឹកនាំប្រកបដោយថាមពល ស្វាហាប់ ឈ្លាសវៃ និងប៉ិនប្រសព្វ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមានគោលការជាក់លាក់ និងច្បាស់លាស់ដោយបានដាក់ចេញឱ្យអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច បង្កើនការងារ ធានាសមធម៌ ប្រសិទ្ធិភាព និងចីរភាព ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ និងបានកំណត់អាទិភាពគន្លឹះ ចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។

ពាក់ព័ន្ធទៅនឹងយុទ្ធស្ត្រនេះទាមទារឱ្យប្រជាពលរដ្ឋចូលរួមគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលឱ្យបានគ្រប់អាណត្តិ និងជួយជម្រុញកូនចៅរៀនសូត្រ មានចំណេះដឹង ជំនាញ វិជ្ជាជីវៈពិតប្រាកដ ក្នុងមួយជីវិត។ ជាមួយគ្នានោះ ឆាប់ៗខាងមុខនេះ ខេត្តពោធិ៍សាត់នឹងទទួលបានសមិទ្ធផលថ្មីៗជាច្រើន ជាប្រយោជន៍រួមសម្រាប់យើងទាំងអស់គ្នា និងជាការឆ្លើយតបទៅនឹងការគាំទ្រគោលយោបាយ ដែលទទួលបានលទ្ធផលឈ្នះដាច់ពេញផ្ទៃប្រទេស។

ក្នុងឱកាសនោះ លោក កែវ រតនៈ និងលោក ខូយ រីដា ក៏បានប្រគេនបច្ច័យកសាង ជូនព្រះសង្ឃ ចំនួន៤លានរៀល និងបានចែកជូនវត្ថុកំដរដៃ រួមនឹងថវិកាមួយចំនួនដល់លោកតា លោកយា សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ដែលបានចូលរួមប្រមាណជាង១ពាន់នាក់ ផងដែរ៕