(ព្រះវិហារ)៖ អតីតសមាជិកគណបក្សភ្លើងទៀនចំនួន២៣នាក់ នៅឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ត្រូវបានប្រកាសបញ្ចូលជាសមាជិកពេញសិទ្ធិគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំព្រះឃ្លាំង ក្រោមវត្តមានលោក គួង ឡូ ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំព្រះឃ្លាំង និងក្រុមការងារ។

លោក គួង ឡូ បានថ្លែងចូលរួមអបអរសាទរ ចំពោះអតីតសមាជិកគណបក្សភ្លើងទៀនចំនួន២៣នាក់ នៅឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ដែលបានស្ម័គ្រចិត្តមករួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជាវិញ។
លោកថា «ការវិលត្រឡប់របស់បងប្អូន មករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញនាពេលនេះ បានបង្ហាញឱ្យឃើញពីការអស់ជំនឿទុកចិត្តរបស់បងប្អូនទៅលើគណបក្សភ្លើងទៀន ហើយការចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការស្ម័គ្រចិត្ត មិនមានការបង្ខិតខបង្ខំ ឫក៏ទិញទឹកចិត្តអ្វីនោះទេ»។

លោក គួង ឡូ បានថ្លែងប្រាប់បងប្អូនអតីតសមាជិកគណបក្សភ្លើងទៀន ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃតាំងពីទីក្រុងរហូតដល់ជនបទដាច់ស្រយ៉ាល។

លោកថា «បើគ្មានគណបក្សប្រជាជនកម្ពុជា បើគ្មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនោះទេ ម្ល៉េះប្រទេសជាតិមិនបានទទួលនូវសុខសន្តិភាព ហើយប្រជាពលរដ្ឋ ក៏មិនមានសិទ្ធិសេរីភាពដូចពេលនេះទេ»។

អតីតសមាជិកគណបក្សភ្លៀងទៀនទាំង២៣នាក់ បានប្តេជ្ញាចិត្ត ឈប់ជឿតាមការញុះញង់ណាមួយរបស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនទៀតហើយ ថែមទាំងប្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗ អាណត្តិ។

នៅក្នុងឱកាសនេះលោក គួង ឡូ បានប្រគល់ប័ណ្ណសមាជិកគណបក្សប្រជាជនកម្ពុជា ជូនសមាជិកថ្មីទាំង២៣នាក់ ថែមទាំងផ្ដល់ជូននូវថវិកាក្នុងម្នាក់ៗ ២០០០០រៀល និងមុងចំនួន១ ព្រមទាំងរៀបចំពិធីហូបអាហារសាមគ្គីជាមួយគ្នាដោយភាពស្និតស្នាល៕