(ភ្នំពេញ)៖ ថ្លែងក្នុងពិធីអបអរសាទរ ខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ «ស្រ្តីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» នៅទីស្ដីការក្រសួងកិច្ចការនារី នាថ្ងៃ២២ ខែមីនា ឆ្នាំ២០២៤ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា នយោបាយឈ្នះ-ឈ្នះ បាននាំមកនូវភាពរីកចម្រើនជូនស្រ្តីនៅកម្ពុជា។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា ដោយសារម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព បានបង្កើតស្ថានភាពអំណោយផល ធ្វើឲ្យប្រទេសជាតិមានកិច្ចអភិវឌ្ឍ និងភាពរីកចម្រើន ដែលអនុញ្ញាត ឲ្យរាជរដ្ឋាភិបាល បានពង្រីកការវិនិយោគជាបន្តបន្ទាប់លើការអភិវឌ្ឍសង្គម និងអនុវត្តកម្មវិធីនយោបាយឆ្លើយតបនឹងយេនឌ័រ និងការពារសិទ្ធិមនុស្ស សិទ្ធិស្រ្តីឲ្យបានកាន់តែទូលំទូលាយ។

ទន្ទឹមគ្នានេះ សម្ដេច ម៉ែន សំអន បានឲ្យដឹងថា របាយការណ៍អភិវឌ្ឍន៍ធនធានមនុស្ស ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ឆ្នាំ២០២៤ បានបង្ហាញថា កម្ពុជាមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ក្នុងការលើកកម្ពស់ សមភាពយេនឌ័រ ដោយផ្អែកលើភាគរយសភា ការអប់រំ កម្លាំងពលកម្ម ក៏ដូចជាអត្រាមរណភាពមាតា - ដោយគម្លាតយេនឌ័រ បានឆ្លាក់ចុះពី ០.៦៧៩ ក្នុងឆ្នាំ១៩៩០ មកត្រឹម ០.៤៦១ នៅឆ្នាំ២០២៣។
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានគូសបញ្ជាក់ថា នេះធ្វើឲ្យកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់១១៦ ក្នុងចំណោម១៧០ប្រទេស សម្រាប់សន្ទស្សន៍វិសមភាពយេនឌ័រ ឆ្នាំ២០២៣។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ កម្ពុជាបានរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិស្មើគ្នា សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា នៅក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រីគ្រប់រូប។

ឆ្នាំ២០២៤នេះ គឺជាការរំលឹកខួបលើកទី ១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤។ ក្រសួងកិច្ចការនារី បានជ្រើសរើសយកមូលបទ «ស្រ្តីនិងក្មេងស្រីក្នុងបរិវត្តកម្ម ឌីជីថល» ក្នុងគោលបំណងរំលេចនូវសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រីនៅក្នុងវិស័យឌីជីថល

ដែលឆ្លើយតបនឹងបរិបទ នៃការវិវត្តរបស់សង្គមនៅក្នុងយុគសម័យឌីជីថល និងស្របតាមចក្ខុវិស័យដែលបានចង្អុលបង្ហាញក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខ័ណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី។ នេះជាការគូសបញ្ជាក់បន្ថែម របស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។

លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានឲ្យដឹងថា រាជរដ្ឋាភិបាល បានបន្តកំណត់ លើការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រី នៅគ្រប់វិស័យ ជាអាទិភាព ក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ «ស្រ្តី គឺជាស្នូល»។

លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានបន្ថែមថា ថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញឲ្យអនុវត្តយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (២០២៣-២០២៨) ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធឲ្យរីកធំធាត់ និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធហើយក្លាយទៅជាកម្លាំងចលករដ៏សំខាន់ក្នុងការកែលម្អជីវភាពប្រជាជន និងអាចរួមចំណែកជាអតិបរមា ក្នុងការឈានទៅសម្រេចបាន នូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។

បន្ថែមពីនោះទៀត លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកំពុងរៀបចំផែនការសកម្មភាព ព្រមទាំងយន្តការប្រមូលទិន្នន័យ មុននឹងឈានដល់ការអភិវឌ្ឍប្រព័ន្ធចុះឈ្មោះ នាពេលខាងមុខ ដើម្បីកំណត់នូវគោលដៅច្បាស់លាស់សម្រាប់ការទទួលបានជំនួយជាក់ស្តែងពីរាជរដ្ឋាភិបាល។

ជាមួយគ្នានោះ, រាជរដ្ឋាភិបាល នឹងបន្តយកចិត្តទុកដាក់ខ្ពស់ដល់ស្រ្តី និងបងប្អូនដែលកំពុងប្រកបការងារក្នុងវិស័យក្រៅប្រព័ន្ធ នៅក្នុងផ្នែកសេវាកំសាន្ត ជាពិសេសលើការគាំទ្រផ្នែកសុខភាព, កិច្ចគាំពារសង្គម ការអភិវឌ្ឍជំនាញ ការលើកកម្ពស់សិទ្ធិ (មេធាវីសម្តេចតេជោ) និងសុវត្ថិភាពនៅកន្លែងការងារជាដើម។ នេះជាការគូសបញ្ជាក់ របស់លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី៕