(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងមន្រ្ដីរាជការចំណុះក្នុងរចនាសម្ព័ន្ធមន្ទីរសុខាភិបាល, មន្ទីរកសិកម្ម, មន្ទីរអប់រំ, មន្ទីរបរិស្ថាន, មន្ទីរទេសចរណ៍, មន្ទីរធម្មការ, មន្ទីរវប្បធម៌, មន្ទីរធនធានទឹក និងមន្ទីរសាធារណការខេត្តបាត់ដំបង។

នាឱកាសនោះលោក សុខ លូ បានក្រើនរំលឹកដល់មន្រ្ដីរាជការ ដែលទើបទទួលបានមុខតំណែង និងភារកិច្ចថ្មីសូមបន្តការខិតខំប្រឹងប្រែងបំពេញការងារដោយមានភាពទំនួលខុសត្រូវ និងត្រូវបន្តខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាពសាមីដោយត្រូវមានទំនាក់ទំនងល្អជាមួយមន្រ្ដីដទៃទៀត និងបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរផងដែរ។

លោកអភិបាលខេត្ត បានណែនាំដល់មន្រ្ដីរាជការទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ពិសេសត្រូវមានការស្រាវជ្រាវឱ្យបានច្រើននូវលិខិតបទដ្ឋានថ្មី ឬច្បាប់ថ្មីដែលត្រូវបានកែសម្រួលជាបន្តបន្ទាប់ ដោយមិនត្រូវយករឿងរ៉ាវពីមុនៗ មកធ្វើការអនុវត្តខុសពីនីតិវិធីដែលត្រូវបានកែសម្រួលឡើយ។

ចំពោះមន្ត្រីរាជការ ដែលទើបប្រកាសចូលកាន់មុខតំណែងនឹងទទួលភារកិច្ចថ្មីនាពេលនេះ គឺបានឆ្លងកាត់ការវាយតម្លៃពីគណៈអភិបាលខេត្តក៏ដូចជា៖ ការវាយតម្លៃរបស់មន្ទីរ អង្គភាពសាមីយ៉ាងត្រឹមត្រូវតាមរយៈការពិនិត្យមើល សកម្មភាពការងាររបស់មន្រ្ដីរបស់ខ្លួន។

លោកក៏បានកោតសរសើរដល់មន្រ្ដីរាជការទាំងអស់ ដែលកន្លងមកបានខិតខំបំពេញការងារទៅតាមតួនាទីរបស់ខ្លួនបានល្អ ដែលជំរុញឱ្យដំណើរការ ការងាររលូននៅក្នុងអង្គភាពរបស់ខ្លួន៕