(ស្ទឹងត្រែង)៖ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ ដោយមានការគាំទ្រពីរដ្ឋបាលខេត្តស្ទឹងត្រែង ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី រៀបចំកិច្ចប្រជុំបង្ហាញអំពីគោលបំណង នៃការប្រមូលព័ត៌មាន និងលទ្ធផលនៃការអនុវត្តច្បាប់ គោលនយោបាយជាតិ លទ្ធផលនៃការអនុវត្តអនុសាសន៍សម្តេចអគ្គតេជោ ហ៊ុន សែន អនុប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រី្ត និងអនុញ្ញាអន្តរជាតិស្ដីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំង និងនារីភេទ (CEDAW) ក្នុងការលើកកម្ពស់ស្ថានភាពជីវភាព ឋានៈ តួនាទី និងសុខមាលភាពស្រី្ត។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោកស្រី ហោ ម៉ាលីន សមាជិកា ក.ជ.ក.ស និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកស្រី កុត ប៊ុនមី សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី កែវ សាវឿន អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃមន្ទីរ អង្គភាពនានាក្នុងខេត្តស្ទឹងត្រែង។

លោកស្រី ហោ ម៉ាលីន បានលើកឡើងថា ខ្លឹមសារអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញឲ្យក្រុមប្រឹក្សាជាតិដើម្បីស្រ្តី ជំរុញឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តអនុវត្តមាត្រា១៤ នៃអនុសញ្ញាស្តីពីការលុបបំបាត់ រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារី​ភេទ ឲ្យមានប្រសិទ្ធភាព ដោយផ្តោតជាសំខាន់លើការចូលរួមក្នុងការអភិវឌ្ឍ និងការទទួលបានអត្ថប្រយោជន៍របស់ស្រ្តី តាមរយៈនៃការអនុវត្តច្បាប់ និងគោលនយោបាយ។

កិច្ចប្រជុំនេះត្រូវបានពិភាក្សាលើចំណុចសំខាន់ៗ រួមមាន៖

*ទី១៖ អំពីស្រ្តីក្នុងមុខងារសាធារណៈ ដែលនិយាយអំពីស្ថានភាពមន្រ្តីរាជការជាស្រ្តីនិងការបំពេញតួនាទីភារកិច្ច ក្នុងនោះមានការលើកឡើងអំពីបញ្ហាជាឧបសគ្គ ជំរុញការយកចិត្តទុកដាក់តែងតាំងមុខតំណែង ការយកចិត្តទុកដាក់ចំពោះស្រ្តីជាមន្រ្តីរាជការមុនចូលនិវត្តន៍
*ទី២៖ អំពីស្ថានភាពសេដ្ឋកិច្ចស្រ្តី
*ទី៣៖ ករណីអំពើហិង្សា និងបទល្មើសពាក់ព័ន្ធស្រ្តី និងក្មេងស្រី
*ទី៤៖ ស្ថានភាពសិក្សា និងអប់រំសម្រាប់ស្រ្តី និងក្មេងស្រី ជំរុញឲ្យមានការពិនិត្យ ស្រាវជ្រាវស្ថានភាពសិស្ស និស្សិតនារី ដើម្បីមានវិធានការដោះស្រាយ ពិសេសលើករណីបោះបង់ការរៀនសូត្រ ដើម្បីរិះរកគំនិតផ្តួចផ្តើមនានា ធ្វើឲ្យប្រសើរឡើងសេវាអប់រំ ឆ្លើយតបតម្រូវការទីផ្សារការងារ ពង្រីកការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតក្រីក្រ
*ទី៥៖ ការចូលរួមរបស់ស្រ្តី និងជនពិការ ក្នុងការផ្តល់ និងទទួលបានផលប្រយោជន៍ប្រកបដោយសមធម៌ ពីសេវាគ្រប់ប្រភេទ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមការអនុវត្តគោលនយោបាលវិមជ្ឈការ និងវិសហមជ្ឈការ។

លោកស្រី ហោ ម៉ាលីន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់សមាជិក សមាជិកាក្រុមប្រឹក្សាជាតិដើម្បីស្រ្តី ខេត្តស្ទឹងត្រែង ដែលបានធ្វើការនេះយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ គួរជាទីមោទនៈ និងជំរុញឲ្យបន្តនូវកិច្ចការនេះបន្ថែមទៀត៕