(ព្រះវិហារ)៖ មន្ត្រីរាជការ ចាប់ពីប្រធាន អនុប្រធានការិយាល័យជំនាញជាច្រើនរូប ដែលកំពុងបម្រើការងារនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ត្រូវបានទទួលការការលើកទឹកចិត្តពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ តែងតាំងមុខតំណែង ផ្ទេរភារកិច្ច និងទទួលបានបណ្ណសរសើរភ្ជាប់ជាមួយថវិកាផងដែរ។

ពិធីនេះបានធ្វើឡើងក្នុងកិច្ចប្រជុំ «ឆ្លងរបាយការណ៍លទ្ធផលការងារប្រចាំខែមីនា និងទិសដៅអនុវត្តសម្រាប់ខែមេសា ឆ្នាំ២០២៤» របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្រោមវត្តមានលោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ ទទួលបន្ទុកមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត តំណាងលោក គីម រិទ្ធី អភិបាលខេត្ត និងលោក សំ លាងទ្រី ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក អ៊ុយ សាគុណ នាយករងរដ្ឋបាលសាលាខេត្ត លោកអនុប្រធានមន្ទីរសាធារណការខេត្ត លោក លោកស្រី ប្រធានការិយាល័យជំនាញ ព្រមទាំងមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ជាច្រើនរូបទៀត។

លោក សំ លាងទ្រី បានថ្លែងបើកកិច្ចប្រជុំដោយបានលើកឡើងពីវឌ្ឍនភាពការងាររបស់មន្ទីរ ក៏ដូចជាបញ្ហាប្រឈមមួយចំនួន ដែលមន្ទីរកំពុងជួបប្រទះ ដូចជាការយឺតយ៉ាវរបស់អង្គភាពចុះបញ្ជីយានយន្តនៅតាមច្រកចេញ ចូល តែមួយតាមក្រុង ស្រុក ក្នុងការផ្ញើរបាយណ៍ប្រចាំខែមកមន្ទីរ...ជាដើម។

លោកប្រធានមន្ទីរក៏បានថ្លែងលើកឡើងពីរបាយការណ៍ជិត៥០ចំណុច ដែលមន្ទីរបានដាក់ចេញឱ្យអនុវត្តសម្រាប់ខែមីនា ឃើញថាមន្ត្រីតាមការិយាល័យជំនាញអនុវត្តបានយ៉ាងល្អ បើទោះមានចំណុចសេសសល់ខ្លះ ដោយឡែកសម្រាប់ខែមេសានេះ មន្ទីរបានដាក់ចេញនូវផែនការជាង៥០ចំណុចសម្រាប់មន្ទ្រីអនុវត្តបន្ត។លោកក៏បានថ្លែងប្រាប់លោក អ៊ុក គឹមសាន ពីការតែងតាំងមន្ត្រីរាជការ ការផ្លាស់ប្តូរតួនាទីភារកិច្ចរបស់មន្ត្រី នៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សុទ្ធតែឆ្លងកាត់ការបោះឆ្នោតជាសំងាត់ ក៏ដូចជាការឯកភាពដោយលើកដៃគាំទ្រពីថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ផងដែរ។

នៅក្នុងឱកាសនោះលោក អ៊ុក គឹមសាន បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តទាំងអស់ ដែលបានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ ពិសេសលើការងារជួសជុល ថែទាំផ្លូវថ្នល់ដែលគ្រប់គ្រងដោយមន្ទីរមិនឱ្យមានគ្រលុក និងសំបុកមាន់ បើទោះបីខេត្តព្រះវិហារយើង ជាខេត្តជាប់ព្រំដែនក៏ពិតមែន តែផ្លូវថ្នល់ស្រួលធ្វើដំណើរណាស់។

លោកបានថ្លែងចូលរួមអបអរសាទរ ដល់មន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលត្រូវបានតែងតាំងមុខតំណែង និងផ្ទេភារកិច្ចនិងទទួលបានបណ្ណសរសើរនាពេលនេះ។ លោកក៏បានថ្លែងលើកទឹកចិត្ត ដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងបំពេញការងារថែមទៀត ដើម្បីទទួលបានតែងតាំងមុខតំណែង និងបណ្ណសរសើរនាឱកាសក្រោយទៀត។

ឆ្លើយតបនឹងសំណូមពររបស់លោក សំ លាងទ្រី, លោក អ៊ុក គឹមសាន សន្យានឹងនាំដាក់ឆ្លងទៅលោក គីម រិទ្ធី អភិបាលខេត្ត ដើម្បីឱ្យដំណើរការងាររបស់មន្ទីរកាន់តែប្រសើរ។ លោកក៏បានផ្តល់កិត្តិយស ផ្តល់ដីកាតែងតាំង និងលិខិតសរសើរ ជូនដល់មន្ត្រីដែលមានស្នាដៃផងដែរ៕