(ភ្នំពេញ)៖ តារាសម្តែង ភិន សុដាលីស បានបើកសន្និសីទសារព័ត៌មានមួយ កាលពីល្ងាច ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ នៅសណ្ឋាគារ សុខាភ្នំពេញ ដើម្បីបើកសម្ពោធជាផ្លូវការ ឲ្យសាធារណជនបានដឹងថា តារាសម្តែងរូបនេះ បានពង្រីកអាជីវកម្មលក់ផលិតផល តាមអនឡាយរបស់ខ្លួនជាទ្រង់ទ្រាយមួយ។ ឥលូវនេះ អ្នកនាង ភិន សុដាលីស បានទិញសិទ្ធផ្តាច់មុខ ដោយបានដាក់ឈ្មោះ​ថា «Pandy By Katy» លើផលិតផលរបស់ខ្លួន ដែលបានបើកលក់តាមអនឡាយ នាពេលបច្ចុប្បន្ននេះ។

អ្នកនាង ភិន សុដាលីស បានបញ្ជាក់ឲ្យដឹងថា ការសម្រេចចិត្តទិញ សិទ្ធផ្តាច់មុខ និងបានដាក់ឈ្មោះ​ថា «Pandy By Katy» គឺដោយសារតែ អ្នកនាង បានមើលឃើញថា អាជីពលក់ផលិតតាមអនឡាយ នាពេលបច្ចុប្បន្ននេះ គឺមានការ រីកលូតលាស់ និងលក់ដាច់ច្រើន ហើយក៏មានការគាំទ្រពីអតិថិជនខ្លាំងក្លា រហូតនាងសម្រេចចិត្តទិញសិទ្ធផ្តាច់មុខម៉ាកយីហោផ្ទាល់ខ្លួនបែបនេះ។

ផលិតផលរបស់នាង មានឈ្មោះថា «Pandy By Katy» ក្នុងឈ្មោះផលិតផលនេះ អ្នកនាង ភិន សុដាលីស បានដាក់លក់នូវ កញ្ចាក់ភ្នែក (Contact Lens) រោមភ្នែក និងប៉ុងផាត់មុខ សុទ្ធសឹងជាផលិតផលល្អ ដែលមានរោងចក្រផលិតដ៏ធំនៅប្រទេសកូរ៉េ និង មានស្នាក់ការចែកចាយធំនៅប្រទេសថៃ ។

បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅល្ងាចថ្ងៃដដែលនោះ អ្នកនាង ភិន សុដាលីស ដែលគេស្គាល់ថា ជាអតីតភរិយា របស់លោក ប៉ែន ចំរុង បានឲ្យដឹងថា «ខ្ញុំសម្រេចចិត្តទិញសិទ្ធផ្តាច់មុខ និងនាំយកផលិតផលសំអាងជាច្រើនមុខ ជាពិសេស កញ្ចាក់ភ្នែក (Contact Lens) មកលក់នៅក្នុងប្រទេសកម្ពុជា នាពេលនេះ គឺដោយសារតែខ្ញុំចង់ឲ្យស្រ្តី គ្រប់រូបនៅទូទាំងកម្ពុជា មានសម្រស់ស្អាតគ្រប់ៗគ្នា ហើយម្យ៉ាងទៀត នេះគឺជាមុខរបរផ្ទាល់ខ្លួនតាំងពីដើមមក»

អ្នកនាង ភិន សុដាលីស មិនត្រឹមតែជាតារាសម្តែងភាពយន្តនោះទេ ក្រៅពីការងារសិល្បៈ អ្នកនាង ក៏បានបើក អាជីវកម្មផ្ទាល់ខ្លួន ដោយមានលក់ផលិតផលជាច្រើន នៅតាមអនឡាយបន្ថែមទៀត។ អ្នកនាង ភិន សុដាលីស បានបញ្ជាក់ថា ការលក់តាមអនឡាយ ដែលមាន Facebook Page «Katy Love» គឺមានការគាំទ្រពីយុវវ័យយ៉ាងខ្លាំង ក្នុងការទិញផលិតរបស់អ្នកនាង យកទៅប្រើប្រាស់។

យ៉ាងណាក៏ដោយ  អ្នកនាង ភិន សុដាលីស រំពឹងទុកថា ការទិញសិទ្ធផ្តាច់មុខ ម៉ាកយីហោផ្ទាល់ខ្លួន ឈ្មោះ​ «Pandy By Katy» លក់ផលិតផលតាមអនឡាយ នឹងមានការរីកចំរើនទៅមុខ និងទទួលបាន ការគាំទ្រកាន់តែច្រើនបន្ថែមទៀត​ពីស្រទាប់យុវវ័យ ហើយ ក៏រំពឹងថា  «Pandy By Katy» នឹងក្លាយជា ម៉ាកយីហោ ដ៏ល្បីល្បាញមួយ នៅប្រទេសកម្ពុជា។

គួរបញ្ជាក់ថា ក្រោយពី អ្នកនាង ភិន សុដាលីស បានលែងលះគ្នាជាមួយនឹង លោក ប៉ែន ចំរុង ហើយនោះ សន្ទុះនៃការគាំទ្រ និងលើកទឹកចិត្តដល់តារាសម្តែងរូបនេះ កាន់តែមានការកើនឡើង គួរឲ្យកត់សំគាល់។ ក្រៅពីការកើនឡើងនៃការគាំទ្រ យើងសង្កេតឃើញទៀតថា អ្នកនាង ភិន សុដាលីស ក៏ចាប់ផ្តើម មានអ្នកគាំទ្របន្ថែមទៀត លើមុខរបរអាជីវកម្មរបស់នាង រហូតឈានដល់ការទិញ សិទ្ធផ្តាច់មុខម៉ាកយីហោផ្ទាល់ខ្លួន ឈ្មោះ​«Pandy By Katy» ពង្រីកលក់ផលិតផលតាមអនឡាយដ៏ធំបន្ថែមទៀតផងដែរ៕