(បន្ទាយមានជ័យ)​៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ត្រីរាជការ អង្គភាពទាំង៣ ប្រជាពលរដ្ឋ និសិត្សប្រហែល១០.០០នាក់ បានចូលរួមអបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ឆ្នាំ២០២៤។

ពិធីនេះមានការចូលរួមពីលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ លោក យង់ តាំងគួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ បានថ្លែងថា ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ឆ្នាំ២០២៤នេះទិវាដ៏មានអត្ថន័យនេះ គឺមានគោលបំណងផ្សព្វផ្សាយ ជំរុញ ផ្ទេរចំណេះដឹង ចំណេះធ្វើ បច្ចេកទេស ក៏ដូចជួយក្រើនរំលឹកនិងបំផុសស្មារតី មនសិកា ដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងយុវនារី ដែលជាទំពាំងស្នងឬស្សី ឲ្យមានការតព្វកិច្ច ក្នុងការចូលរួមថែរក្សាការពារវប្បធម៌ប្រពៃណីរបស់ជាតិឲ្យបានគង់វង្ស និងស្ថិតស្ថេរ សម្រាប់កូនចៅជំនាន់ក្រោយៗទៀតឲ្យមានការយល់ដឹងកាន់តែច្បាស់ អំពីតម្លៃពិតនៃវប្បធម៌ ដែលជាធនធានប្រកបដោយសក្តានុពល ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើតសេវាកម្ម និងផលិតផលវប្បធម៌ សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍ ទាំងក្នុង និងក្រៅប្រទេស ទទួលបាននូវប្រភពចំណូលមួយកម្រិតទៀត។

លោក អ៊ុំ រាត្រី បានលើកឡើងថា ទិវាវប្បធម៌ជាតិនេះ រៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដែលបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។

លោកបន្តទៀតថា រាជរដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់ថា វប្បធម៌ គឺជាព្រលឹងជាតិ ជាអត្តសញ្ញាណជាតិ ជាប្រភពមិនចេះរីងស្ងួតសម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងស្មារតីនៃការស្រឡាញ់ចំពោះជាតិមាតុភូមិ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ជំរុញការទទួលស្គាល់ របស់ពិភពលោកលើវប្បធម៌ អរិយធម៌ ដ៏ចំណាស់របស់ជាតិ និងជាប្រភពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចីរភាព។

លោកបន្តទៀតថា ជាការពិតណាស់ថា សិល្បៈមិនមែនចេះតែធ្វើបានគ្រប់ៗគ្នានោះទេ បើគ្មានការរៀន និងបង្ហាត់ បង្ហាញ ពីគ្រូជំនាញ ក្នុងនោះក៏ទាមទាពេលវេលា និងឧប្បនិស័យរបស់ បុគ្គលនោះផងដែរ។ សិល្បៈ គឺជាវិស័យគន្លឹៈ ក្នុងការអភិរក្ស អភិវឌ្ឍន៍ ផ្នែកប្រពៃណី ទំនៀមទំលាប់ ដោយឈរលើមូលដ្ឋានសម្បត្តិបេតិកភណ្ឌ វប្បធម៌ រូបី និងវប្បធម៌អរូបី ដ៏សម្បូរបែប ក្នុងសង្គមជាតិខ្មែរយើង។ យើងបានយល់ហើយ អំពីអត្ថន័យ នៃទិវាវប្បធម៌ជាតិ ក៏ដូចទិសដៅការងាររបស់ខ្លួនមានអ្វីខ្លះ និងត្រូវធ្វើអ្វី ដើម្បីឲ្យស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំក្នុងរយៈពេលកន្លងមកនេះ។

លោកបន្តថា ការអភិវឌ្ឍន៍ នៃសិល្បៈកំណើនសមត្ថភាព គុណភាព និងការប្រកួតប្រជែង កាន់តែផុលផុស លើប្រធានបទ «យុវជនដើម្បីវប្បធម៌» ក្នុងនាមអាជ្ញាធរខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន យុវនារី ត្រូវមានកិច្ចសហការចូលរួម ដើម្បីបង្កើនស្នាដៃ ការកែឆ្នៃ ការផលិតថ្មីៗឲ្យមានភាពទាក់ទាញ និងមានភាពប្រកួតប្រជែងផងដែរ៕