(កំពង់ចាម)៖ សមិទ្ធផលនានាមានចំនួន២១ ស្ថិតក្នុងបរិវេណវត្ត ឥន្ទខីលារាម (ថ្មគោល) ក្នុងឃុំរអាង ស្រុកកំពង់សៀម ដែលសាងសង់អស់តម្លៃជាង ៣៥ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្ត។

អភិបាលស្រុកកំពង់សៀម លោក ប៊ិន ឡាដា បានឱ្យដឹងថា សមិទ្ធផលថ្មី ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងថ្ងៃនេះ គឺជាស្នាប្រហស្ថ ដែលបានដឹកនាំកសាងដោយព្រះគ្រូទីបមុនីវង្សា ណែម ឡាទី ព្រះចៅអធិការវត្តបច្ចុប្បន្ន រយៈពេល៤ឆ្នាំ សាងសង់បានចំនួន ២១សមិទ្ធផល។ រីឯបច្ច័យក្នុងការកសាងសមិទ្ធផលនានា ក្នុងវត្តឥន្ទខីលារាម (ថ្មគោល) ចាប់តាំងពី ខែមីនា ឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ២០២៤ មានចំនួនសរុប ៣៥០,៤១៤ដុល្លារ។

នាឱកាសនោះ អភិបាលខេត្តកំពង់ចាម បានថ្លែងថា សមិទ្ធផលទាំងអស់ដែលបានកសាងឡើងមកនេះ គឺជាការរួមគ្នារបស់លោកយាយ លោកតា បងប្អូនពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចែករំលែកនូវធនធានផ្ទាល់ខ្លួន រួមគ្នាកសាងនូវសមិទ្ធផលទាំងឡាយនោះ ដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនា ដែលធ្វើឲ្យព្រះពុទ្ធសាសនារបស់យើងកាន់តែទទួលបាននូវគុណតម្លៃ ទទួលបាននូវការគោរព ពីសំណាក់ប្រជាពលរដ្ឋរបស់យើង។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ការរស់នៅក្រោមដំបូលសុខសន្តិភាព គឺធ្វើឲ្យប្រជាពលរដ្ឋយើង ទទួលបានលទ្ធផលនូវការអភិវឌ្ឍន៍ឥតឈប់ឈរ ព្រមទាំងមានការជួបជុំ ការធ្វើបុណ្យដាក់ទាន ប្រកបដោយទឹកមុខសប្បាយរីករាយផងដែរ។

លោកអភិបាលខេត្ត បានយកឱកាសនោះសំដែងនូវការកោតសរសើរដល់ព្រះចៅអធិការវត្ត ឥន្ទខីលារាម (ថ្មគោល) ក៏ដូចជាព្រះអង្គ មេគណខេត្ត ដែលបានរួមគ្នា ចូលរួមគ្រប់សកម្មភាពទាំងអស់ ដែលធ្វើឲ្យទីវត្តអារាមរបស់យើង មានការរីកចម្រើន និងជាទីពេញចិត្ត និងជាទីកន្លែងប្រមូលផ្ដុំនូវជំនឿ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយើងប្រមូលផ្ដុំគ្នា ប្រារព្ធនូវកិច្ចសាសនា ដើម្បីកសាងកុសលផលបុណ្យ និងឧទ្ទិសនូវកុសលផលបុណ្យ ដល់ញាតិកាទាំងឡាយ ដែលបានចែកឋានទៅផងដែរ៕