(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ បានចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលថ្មីមួយ ស្តីពី «សារព័ត៌មាន និងសំណេរអត្ថបទ» ដល់សិក្ខាកាម៨០នាក់ ដែលក្នុងនោះមានអ្នកសារព័ត៌មាន មន្រ្តីរាជការផ្នែកកិច្ចការព័ត៌មាន និងព្រះសង្ឃផងដែរ។

សិក្ខាសាលានេះ ធ្វើឡើងរយៈពេល២ថ្ងៃ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដើម្បីជួយពង្រឹងសមត្ថភាពអ្នកចូលរួមក្នុងការសរសេរព័ត៌មានឲ្យបានកាន់តែល្អ ទាក់ទាញ និងតាមវិជ្ជាជីវៈ។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជាគ្រូឧទ្ទេសនាម បានមានប្រសាសន៍ថា «វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មានទូទៅ និងអ្នកដែលចង់ក្លាយជាអ្នកសរសរព័ត៌មានបែបវិជ្ជាជីវៈ»។ អ្នកសារព័ត៌មានខ្មែរជើងចាស់ និងជាប្រធានអ្នកឆ្លើយឆ្លងឲ្យទីភ្នាក់ងារព័ត៌មានក្យូដូប្រចាំនៅប្រទេសកម្ពុជានិងតំបន់អាស៊ីអាគ្នេយ៍រូបនេះ ក៏បានផ្តល់គន្លឹះសំខាន់ៗមួយចំនួន អំពីរបៀបសរសេរព័ត៌មានបែបខ្លីៗ តែខ្លឹមនិងទាក់ទាញទៀតផង។

វគ្គសិក្សារយៈពេល២ថ្ងៃ ក៏មានការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ដោយ អ្នកជំនាញផ្នែកព័ត៌មានល្បីៗមួយចំនួនទៀតដែរ ក្នុងនោះរួមមាន លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន, លោក Pierre Gillette អ្នកសារព័ត៌មានជើងចាស់ជនជាតិបារាំង, លោក គី សុខលីម ជាសហស្ថាបនិកសារព័ត៌មានឌីជីថលថ្មីៗ, លោក តាំង ឈិនសុធី អ្នកថតរូបឲ្យទីភ្នាក់ងារព័ត៌មានបារាំង AFP។ ការចែករំលែកនេះផ្តោតសំខាន់លើ ការផលិតព័ត៌មានសម័យឌីជីថល, ការចាប់មុំសរសេរព័ត៌មានខ្លីហើយខ្លឹម, ការអត្ថាធិប្បាយក្នុងការផ្សាយផ្ទាល់ដែលកំពុងពេញនិយមសម័យបច្ចុប្បន្ន និងការថតរូបដែលអាចផ្សព្វផ្សាយបាន ដែលសុទ្ធសឹងតែជាកិច្ចការប្រចាំថ្ងៃរបស់អ្នកព័ត៌មានអាជីព។

បើតាម លោក ពុយ គា, នេះជាលើកទីមួយហើយដែល ក.អ.ក បានបើកបណ្តុះបណ្តាលលើប្រធានបទមួយនេះឡើងដល់អ្នកសារព័ត៌មាន និងមន្រ្តីរាជការផ្នែកកិច្ចការព័ត៌មាន បន្ទាប់ពីការងារផ្សព្វផ្សាយកាន់តែមានតម្រូវការធំៗទៅ។

ក្លិបអ្នកកាសែតកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០០ ដោយអ្នកសារព័ត៌មានជើងចាស់ជាច្រើនរូបដើម្បីជួយពង្រឹងសមត្ថភាពអ្នកសារព័ត៌មាននៅកម្ពុជាតាមលំនាំបែបវិជ្ជាជីវ៉ៈ និងគោរពក្រមសីលធម៌៕