(កំពង់ស្ពឺ)៖ លោក យ៉យ នួន មេភូមិត្រពាំងប្រិយ៍ សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានសរសេរលិខិតសុំទោសលោកឧត្តមសេនីយ៍ត្រី អ៊ូ សុផល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រោយភាគីទាំង២បានប្តឹងផ្តល់គ្នាទៅកាន់ថ្នាក់ដឹកនាំ និងតុលាការ។

នៅក្នុងលិខិតសុំទោសជាសាធារណៈនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤, លោក យ៉យ នួន បានបញ្ជាក់ថា អ្វីៗដែលលោកបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោកឧត្តមសេនីយ៍ត្រី អ៊ូ សុផល និងស្ថាប័ននគរបាលជាតិ គឺព្រោះតែខ្វះការយល់ដឹង មិនបានគិតវែងឆ្ងាយ និងមិនបានយល់អំពីផ្លូវច្បាប់។ លោក យ៉យ នួន បញ្ជាក់ថា ការដាក់ពាក្យប្តឹងអនុប្រធានដ្ឋានព្រហ្មទណ្ឌទៅកាន់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គឺមានអ្នកឲ្យលោកធ្វើបែបនេះ។

សូមជម្រាបជូនថា កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ លោក យ៉យ នួន និងលោកស្រី សុខ ពៅ បានដាក់ពាក្យប្ដឹងលោកឧត្តមសេនីយ៍ អ៊ូ សុផល ទៅកាន់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃពីបទហិង្សា និងគំរាមបាញ់សម្លាប់។

បន្ទាប់មកនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ អ៊ូ សុផល ក៏បានសម្រេចប្ដឹងលោក យ៉យ នួន និងមនុស្ស៣នាក់ ទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីឱ្យជួយរកយុត្តិធម៌។

បើទោះជាមានការចេញលិខិតសុំទោសពីលោក យ៉យ នួន យ៉ាងណាក្ដី ក៏លោកឧត្តមសេនីយ៍ អ៊ូ សុផល មិនដកពាក្យបណ្ដឹងរបស់លោកពីតុលាការវិញឡើយ៕