(កំពង់ចាម)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម​ សហការជាមួយមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជា នៃសាធារណរដ្ឋកូរ៉េ បានរៀបចំទិវាចម្ការបង្ហាញពូជពោតអ៉ីប្រ៊ីដកម្ពុជា០១ (CHM01) នៅក្នុងភូមិ៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក លោក ចាន់ ​សារុទ្ធ​ អនុរដ្ឋលេខាធិការ​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ, លោក សុង យ៉ុងហ្សូ នាយកមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជា​ និងមានការចូលរួមពីលោក ហេង វណ្ណនី​ អភិបាលរងខេត្តកំពង់ចាម តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស លោកនាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កិសកម្មកម្ពុជា លោកនាយកវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ព្រមទាំងប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងខេត្តកំពង់ចាម​ និងខេត្តត្បូងឃ្មុំ​ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

បើតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានឱ្យដឹងថា នៅខេត្តកំពង់ចាម មានស្រុក៥ ដែលបានដាំដុះពោតច្រើន ក្នុងនោះ ស្រុកកោះសូទិន ៣,៧២៤ហិកតា, ស្រុកកំពង់សៀម ៣,៧០០ហិកតា, ស្រុកចំការលើ ១,៩០០ហិកតា, ស្រុកស្ទឹងត្រង់ ១,៤០៤ហិកតា, ស្រុកកងមាស ១,១០៥ហិកតា និងស្រុកមូយចំនួនទៀត សរុបផ្ទៃដីដាំពោតក្នុងខេត្តមានប្រមាណ ១២,៦០១ហិកតាដែល ទទួលបានបរិមាណផល ៥៦,០៦៤តោន។

ដោយឡែកលោក សុង យ៉ុងហ្សូ នាយកមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជា ​ក៏បានលើកឡើងដែរថា​ កម្ពុជា​និងកូរ៉េ​ គឺសហប្រតិបត្តិការយ៉ាងល្អប្រសេីរក្នុងការធ្វេីលេីគម្រោងពូជពោតនេះ និងពូជបន្លែ​ សម្រាប់ពូជពោតអ៉ីប្រ៊ីដកម្ពុជា០១នេះ មជ្ឈមណ្ឌល KOPIA គឺនៅតែបន្តគាំទ្រជួយដល់កសិករក្នុងស្រាវជ្រាវបន្ថែមលេីចំណុចអវិជ្ជមាន និងជួយអភិវឌ្ឍន៍វិស័យកសិកម្ម។

ទន្ទឹមនឹងនេះដែរ ថ្លែងក្នុងទិវាចម្ការ បង្ហាញពូជពោតអ៉ីប្រ៊ីដកម្ពុជា០១ លោក ចាន់ ​សារុទ្ធ ក៏បានជំរុញលេីកទឹកដល់ប្រជាកសិករដែលកំពុងដាំដំណាំពោតនៅពេលនេះ​ គឺធ្វេីយ៉ាងណាឱ្យកសិករយើងធ្វេីតាមការណែនាំរបស់មន្ត្រីជំនាញកសិកម្ម ដេីម្បីទទួលបានទិន្នផលខ្ពស់​ និងយកចិត្តទុកដាក់ថែទាំដំណាំឱ្យបានល្អ។

លោកបានបន្ថែមទៀតថា​ ក្រសួងកសិកម្ម​ សហការជាមួយមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ ប្រចាំនៅកម្ពុជា ដេីម្បីផ្សព្វផ្សាយ​គាំទ្រ​ជួយដល់កសិករនៅតាមខេត្តគោលដៅមួយចំនួនដូចជា៖ ខេត្តកណ្តាល ខេត្តត្បូង​ឃ្មុំ ខេត្តកំពង់ចាម ខេត្តបាត់​ដំបង​ និងខេត្តប៉ៃលិន។ ពូជពោតអ៉ីប្រ៊ីដកម្ពុជា០១​នេះគឺជាពូជរបស់កម្ពុជា​ ដែលកសិករកំពុងធ្វើការដាំដុះជាបណ្តើរៗ ជាមួយពូជផ្សេងៗទៀតដែលនាំចូល៕