(ភ្នំពេញ)៖ ជម្លោះរវាងប្រធានសន្តិសុខបុរី លឹម ឈាងហាក់ និងសន្តិសុខរបស់ខ្លួនប្រមាណ១០នាក់ ជាមួយក្រុមកម្មករដែលបានកើតឡើង នៅយប់មិញនោះ ត្រូវបាននគរបាលខណ្ឌដង្កោ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់បន្តទៀត។

អធិការនគរបាលខណ្ឌដង្កោ លោក ជឹម សីុថា បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះថា តាមពិតហេតុការណ៍វាយគ្នានេះ កើតឡើងដោយសារតែក្រុមកម្មករសំណង់ទាំងនោះ ចេះតែគប់ដុំថ្ម ដូច្នេះហើយទើបក្រុមសន្តិសុខ បុរី ទៅជួយអន្តរាគមន៍ ពីព្រោះខ្លាចចំប្រជាពលរដ្ឋផ្សេងទៀត ទើបវាយគ្នា ហើយនាំខ្លួននៅការិយាល័យសន្តិសុខ។ លោកអធិការ បានបញ្ជាក់ថា តែយ៉ាងណានោះ កម្លាំងនគរបាលរបស់បានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការហើយ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ និងលោក នុត ពុធដារ៉ា ប្រធានគណ:បញ្ជាការឯកភាពខណ្ឌ។

តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ប្រធានសន្តិសុខនៅបុរី លឹម ឈាងហាក់ ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ បាននាំបក្ខពួកប្រមាណ១០នាក់ ជាសន្តិសុខបុរី ជិះម៉ូតូ៣គ្រឿង ទៅប្រើអំពើហិង្សា ដោយវាយ ទាត់ ធាក់បុរសម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ ព្រមទាំងចាប់វាយខ្នោះនាំយកមកកន្លែងការិយាល័យសន្តិសុខ​ ក្នុងបុរីទៀតផង ក្រោយមានជម្លោះជាមួយជនរងគ្រោះ។

ហេតុការណ៍វាយប្រហារទៅលើជនរងគ្រោះខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅផ្ទះជនរងគ្រោះភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ប៉ុន្តែក្រោយចាប់វាយខ្នោះហើយ ក៏នាំមកការិយាល័យសន្តិសុខបុរី នៅសង្កាត់ដង្កោ ខណ្ឌដង្កោថែមទៀត។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សាង ហៃ អាយុ៣០ឆ្នាំ រីឯជនបង្កជាប្រធានសន្តិសុខវិញមានឈ្មោះ វឿន សារុម ហើយបក្ខពួកប្រមាណ១០នាក់ទៀតនោះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនោះទេ៕