(ស្វាយរៀង)៖ លោក​ ប៉េង​ ពោធិ៍សា អភិបាលខេត្តស្វាយរៀង​ នៅព្រឹកថ្ងៃទី២១​ ខែមីនា​ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក​ Kiyoshi KUSAKA ទីប្រឹក្សាបច្ចេកទេស (CTI) និងជាតំណាង JICA និងលោកTakahiko TOMITA ប្រធានគ្រប់គ្រងគម្រោងតំណាងក្រុមហ៊ុនសាងសង់ KUBOTA និងសហការីចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពនៃដំណើរការគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តស្វាយរៀង។ 

លោកអភិបាលខេត្ត​ បានលើកឡើងអំពីស្ថានភាពទីតាំងភូមិសាស្ត្រ តំបន់សក្ដានុពលសំខាន់ៗ និងសមិទ្ធផលនានាដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្មជាដើម ជាពិសេសខេត្តបានក្លាយជាប្រភពការងារជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្តប្រមាណ១០ម៉ឺននាក់ ទៅលើវិស័យឧស្សាហកម្ម រោងចក្រ និងសេវាកម្មនានាជាច្រើនទៀត។​ 

ជាមួយគ្នានេះ លោកបានថ្លែងនូវការចូលរួមអបអរសាទរ​ និងគាំទ្រគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុនដែលកំពុងចាប់ផ្តើមសាងសង់នាពេលនេះ។ 

នូវក្នុងជំនួបសម្តែងការគួរសមនេះ​ដែរ​ លោក​ Kiyoshi KUSAKA បានជម្រាបអំពីព័ត៌មានស្តីពីគម្រោង និងវឌ្ឍនភាពនៃដំណើរការគម្រោង និងលេីកឡេីងនូវសំណូមពរមួយចំនួនដល់រដ្ឋបាលខេត្តដេីម្បីចូលរួមសហការណ៍​។ 

សូមបញ្ជាក់ថា​ គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ទទួលបានហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ ដែលមានទំហំទឹកប្រាក់ប្រមាណ៣ ៩៨៦,០០០,០០០ យ៉េន ឬប្រមាណ ៣០.៦លានដុល្លារអាមេរិក មានសមត្ថភាពផលិត ៦,៨០០ម៉ែត្រគូប ក្នុង១ថ្ងៃ និងដំឡើងបំពង់ប្រវែង ១១១.៨គីឡូម៉ែត្រ​។ គម្រោងបានចាប់ផ្តើមដំណើរការអនុវត្តគម្រោងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ និងគម្រោងបញ្ចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ៕