(សៀមរាប)៖ មន្ទីរសុខាភិបាលខេត្តសៀមរាប បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ រយៈពេល២ថ្ងៃ ដោយចាប់ពីថ្ង២១-២២ ខែមីនា ឆ្នាំ២០២៤នេះ នៅសាលប្រជុំមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានរបស់លោក កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត, លោក ពិន ប្រាកដ អភិបាលរងខេត្ត និងលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាល ក្រុង/ស្រុក មេឃុំ ចៅសង្កាត់ និងអង្គការដៃគូរពាក់ព័ន្ធជាច្រើនចូលរួមផង​ដែរ។

ថ្លែងក្នុងពិធីបើកសន្និបាតនោះដែរ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បាន​លើកឡើងថា សន្និបាតឆ្នាំនេះដូចឆ្នាំមុនៗដែរ បន្ទាប់ពីពិធិបើកសន្និបាត យើងទាំងអស់គ្នានឹងបានពិនិត្យមើលពីសមិទ្ធផលការងារសុខាភិបាលក្នុងឆ្នាំ២០២៣ តាមរយៈការធ្វើបទបង្ហាញនូវរបៀបវារៈជាបន្តបន្ទាប់ដែលបានគ្រោងទុក ដោយមានការពិភាក្សា និងការចូលរួមមតិយោបល់របស់អង្គសន្និបាត ដើម្បីកំណត់ធាតុចូល រួមបញ្ចូល ជាមួយកម្មវិធីជាយុទ្ធសាស្ត្រក្រសួងសុខាភិបាល សម្រាប់ផែនការទិសដៅការងារបន្តនៅឆ្នាំខាងមុខទៀត ពិសេសបញ្ហាប្រឈម សំណូមពរ និងតម្រូវការពីអាជ្ញាធរមូលដ្ឋាន។

វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានបន្តថា ចំពោះការងារផ្តល់សេវាសុខភាពមាតា ទារក និងកុមារ មិនមានការកើនឡើងនោះទេ បើធៀបនឹងឆ្នាំមុនៗ កត្តានេះដោយសារខេត្តសៀមរាប មានមន្ទីរពេទ្យជ័យវរ្ម័នទី៧ មន្ទីរពេទ្យកុមារអង្គរ និងសេវាឯកជនមួយចំនួន បានចូលរួមក្នុងការយកចិត្តចំពោះកម្មវិធីសុខភាពបន្តពូជមាតាទារក និងកុមារនេះផងដែរ។ទន្ទឹមនឹងនេះដែរ បើពិនិត្យអំពីស្ថានភាពជាក់ស្តែងលើបញ្ហាសុខភាពបន្តពូជមាតាទារក និងកុមារ នៅក្នុងខេត្តសៀមរាប មានភាពល្អប្រសើរគួរឱ្យកត់សម្គាល់ ពីមួយឆ្នាំទៅមួយឆ្នាំ។ ស្ត្រីជាច្រើនមានការយល់ដឹងខ្ពស់លើការថែទាំសុខភាព ពិសេស ក្នុងពេលមានផ្ទៃពោះ ពួកគាត់បានជ្រើសរើសការថែទាំសុខភាព បានយ៉ាងល្អតាមការណែនាំរបស់គ្រូពេទ្យ និងនៅពេលជិតសម្រាលកូន ពួកគាត់បានជ្រើសរើសយកសេវាសម្រាលកូន នៅ តាមមូលដ្ឋានសុខាភិបាល ដែលពួកគាត់ពេញចិត្ត និងមានទំនុកចិត្តទៅតាមលទ្ធភាពរបស់ពួកគាត់។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានបន្តថា ចំពោះការងារផ្តល់វ៉ាក់សាំងគ្រប់ប្រភេទ ការងារអាហារូបត្ថម្ភ សម្រាប់ទារក កុមារ និងស្ត្រី ស្ថិតក្នុងវ័យបន្តពូជទទួលបានលទ្ធផលល្អបើធៀបទៅនឹងឆ្នាំកន្លងទៅ ហើយការងារនេះ មន្ទីរសុខាភិបាល នៅតែបន្តអនុវត្ត នៅឆ្នាំខាងមុខៗ ឲ្យកាន់តែប្រសើរឡើងថែមទៀត។

ទន្ទឹមនឹងនេះដែរ លោក ពិន ប្រាកដ បាន​លើកឡើងថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរសុខាភិបាលខេត្ត បានរួមគ្នា សាមគ្គីគ្នា សហការគ្នា និងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការដឹងនាំ គ្រប់គ្រង អភិវឌ្ឍមូលដ្ឋានសុខាភិបាលរហូតមានការរីកចំរើន រួមមាន៖ ការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការផ្តល់ការថែទាំសុខភាពមានគុណភាព ប្រសិទ្ធភាព និងមានគុណធម៌ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប។

លោក ពិន ប្រាកដ ក៏បានសម្តែងនូវការកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តទាំងអស់ ដែលបានអនុវត្តនូវតួនាទីបានយ៉ាងល្អ តាមជំនាញរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់។ ហើយសកម្មភាពការងារ និងសមិទ្ធផលជាច្រើន មានដូចជា៖ សកម្មភាពចុះអប់រំផ្សព្វផ្សាយ ការលើកកម្ពស់សុខភាព និងការទប់ស្កាត់ជំងឺឆ្លង និងជំងឺមិនឆ្លងផ្សេងៗនៅតាមសហគមន៍ និងការងារពង្រឹងប្រព័ន្ធសុខាភិបាល មន្ទីរសុខាភិបាលខេត្តបានអនុវត្តផែនការ ការងារបានយ៉ាងល្អប្រសើរផងដែរ។

លោកបានបន្តថា ជាក់ស្តែងមន្ទីរសុខាភិបាលខេត្ត បានដាក់ពង្រាយបុគ្គលិក និងពេទ្យឆ្មប ដែលមានការបណ្តុះបណ្តាលតាមជំនាញត្រឹមត្រូវក្នុង​មណ្ឌលសុខភាព ធ្វើឲ្យអត្រាស្លាប់ម្តាយ និងទារក ត្រូវបានកាត់បន្ថយ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋក៏បានយល់ដឹងយ៉ាងទូលំទូលាយ អំពីស្ថានភាពរស់នៅប្រចាំ នូវការហូប ក្នុងទិសដៅកាត់បន្ថយហានិភ័យជំងឺឆ្លង និងជំងឺមិនឆ្លង ជាពិសេសប្រព័ន្ធបញ្ជូនអ្នកជំងឺត្រូវបានរៀបចំរួចរាល់ផងដែរ។

ជាមួយនេះដែរ លោកបញ្ជាក់ថា ការផ្តល់សេវារបស់មន្រ្តីសុខាភិបាលរបស់នូវមានការខ្វះខាតមួយចំនួន ដូចជា៖ ការប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ, ការបដិសណ្ឋារកិច្ចជាមួយអ្នកជំងឺ នៅមិនទាន់បានល្អ និងមិនចិត្តទុកដាក់ថែទាំនឹងព្យាបាលអ្នកជំងឺ ដោយមានកន្លែងខ្លះមិនទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយ។ ពោល គឺគ្រូពេទ្យមួយចំនួនតូច មិនទាន់បានលះបង់ពេលវេលាបានពេញលេញ ក្នុងកាតព្វកិច្ចការងាររបស់ខ្លួនជាគ្រូពេទ្យ និងមានការងារមួយចំនួនទៀត ដែលត្រូវយកមកពិនិត្យ និងពិភាក្សាផងដែរ៕