(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គិតដល់ពេលនេះ មានប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ បានជំពាក់បំណុលថ្លៃសំរាមប្រហែលជាង៤០លានដុល្លារ បំណុលទាំងនេះកើនឡើង នៅកំឡុងពេលរាតត្បាតជំងឺកូវីដ១៩ ខណៈភាគច្រើនជាបំណុលដែលម្ចាស់ផ្ទះជួលឱ្យជនបរទេសសម្រាប់បើកក្រុមហ៊ុន និងអាជីវកម្មផ្សេងៗ។

ការឱ្យដឹងបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនៅក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានក្រោយដាក់ពិធីសម្ពោធជាផ្លូវការបេសកម្មសំអាតទន្លេ រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារហៃយ៉ាត រីជិនស៉ី ភ្នំពេញ។

លោក ឃួង ស្រេង បានបន្តថា ការប្រមូលសំរាម នៅរាជធានីភ្នំពេញ បានទាន់ពេលវេលា និងបានត្រឹមត្រូវធ្វើឱ្យមិនការកកស្ទះសំរាម ដែលធ្វើឱ្យសំរាមមួយចំនួនត្រូវគេបោះចោលតាមប្រឡាយទឹក និងមួយចំនួនត្រូវធ្លាក់ចូល ក្នុងទន្លេដែលជាការបំពុលទឹក និងជះផលអាក្រក់ដល់មនុស្ស សត្វនោះឡើយ។

អភិបាលរាជធានីភ្នំពេញ បានលើកឡើងយ៉ាងដូច្នេះថា៖ «ចាប់តាំងពីមានកំណែទម្រង់ ការប្រមូលសំរាម មកដល់ថ្ងៃនេះយើងពិនិត្យនៅបំណុលប្រហែលជាង ៤០លានដុល្លារ ដែលប្រជាពលរដ្ឋ មិនទាន់បានបង់ ប៉ុន្តែ ក៏កំពុងពិចារណាដែលថា នៅក្នុងបរិបទកូវីដ១៩ ក្រុមហ៊ុន និងអ្នកស្នាក់នៅខ្លះបានធ្វើចំណាកស្រុកទៅប្រទេសរបស់គេវិញ ហើយផ្ទះជួលរបស់គាត់ក៏លែងជួល ក៏ប៉ុន្តែយើងបានធ្វើកិច្ចការងារនេះឱ្យបានដិតដល់»

លោក ឃួង ស្រេង បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ គឺមានទីចាត់ការសំណល់រឹង មានសហគ្រាសសំណល់រឹង សម្រាប់បំពេញប្រតិបត្តិការលើបញ្ហាសំរាម ក៏ប៉ុន្តែ បញ្ហាសំរាម គឺរដ្ឋាភិបាលរាជធានីភ្នំពេញ ខាតរហូតដោយសារតែមិនមានការបង់ប្រាក់ទៀងទាត់ ឬមិនបានបង់តែម្តង។

អភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ ដែលមានបញ្ហាសំរាម សូមទាក់ទងមករដ្ឋបាលរាជធានីភ្នំពេញ ដែលមានទីចាត់ការសំណល់រឹងមួយចាំទទួលធ្វើកិច្ចការងារលើបញ្ហាសំរាម។ បន្ថែមពីលោកបានណែនាំដល់ប្រជាពលរដ្ឋតាមដានការផ្សព្វផ្សាយព័ត៌មាននានារបស់ទីចាត់ការសំណល់រឹងដល់ប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បានលើកឡើងថា នៅលើពិភពលោកនេះ មិនមានទីក្រុងណាមួយចេញសំរាមហើយ មិនបង់ថ្លៃសេវាលើសំរាមនោះទេ ហើយមានតែទីក្រុងនៅតាមបណ្តាប្រទេសមួយចំនួនមានថ្លៃសេវាបង់ប្រាក់ថ្លៃសំរាមនេះ ថ្លៃជាងរាជធានីភ្នំពេញ របស់កម្ពុជា ក៏មានដែរ។

លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ការបង់សំរាម គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ដែលអ្នកប្រើប្រាស់ និងបញ្ចេញសំរាម ខណៈនៅទូទាំងពិភពលោក មិនមានរដ្ឋណាមួយចេញថ្លៃសំរាមជំនួសអ្នកបញ្ចេញសំរាមនោះទេ។ ដូច្នេះ សូមប្រជាពលរដ្ឋ រួមគ្នាបង់ថ្លៃសេវាសំរាម ឱ្យបានទៀងទាត់ទៅតាមការកំណត់។

«ហើយមានការក្ស័យធនរបស់ក្រុមហ៊ុន ត្រូវដាក់ពាក្យជាបន្ទាន់មកទីចាត់ការសំណល់រឹង ដើម្បីលុបនូវបំណុលរបស់គាត់ យើងក៏យល់បានអំពីបញ្ហានេះដែរ ក្នុងបុរីខ្លះ សព្វថ្ងៃនេះ ពីមុនគាត់ជួលឱ្យជនបរទេស គាត់មានកាតព្វកិច្ចបង់ថ្លៃសំរាម ប៉ុន្តែ នៅពេលដែលជនបរទសរកស៉ីអត់កើតវិលត្រឡប់ទៅស្រុកវិញផ្ទះគាត់ទុកចោល ដូច្នេះ យើងធ្វើកិច្ចការងារនេះជាមួយគាត់យ៉ាងជិតស្និទ្ធបំផុតមិនធ្វើឱ្យគាត់មានការលំបាកទេ»។ នេះជាការលើកឡើងបន្ថែមរបស់លោក ឃួង ស្រេង៕