(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំនូវ «ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៤» នៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

កម្មវិធីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ដោយមានរៀបចំកម្មវិធីប្រកួតវាយសីមិត្តភាព និងសាមគ្គីភាពរវាងបណ្តាប្រទេសជាសមាជិកមេគង្គ-ឡានឆាង ដែលត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក មាស គឹមហេង រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមានការចូលរួមដោយឯកអគ្គរដ្ឋ/រាជទូតនៃបណ្តាប្រទេសសមាជិកមេគង្គ-ឡានឆាង នៅភ្នំពេញ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងយុវជនសរុបចំនួនប្រមាណ ២០០ នាក់។

ទិវានេះមិនត្រឹមតែជាសក្ខីភាពនៃភាពជោគជ័យរួមគ្នា និងសមិទ្ធផលដ៏ធំធេងនៃភាពជាដៃគូនៅក្នុងក្របខ័ណ្ឌមេគង្គ-ឡានឆាងប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសពិសេសដើម្បីលើកកម្ពស់មិត្តភាព និងសាមគ្គីភាពតាមរយៈកីឡា ដោយការប្រកួតកីឡាវាយសី ដើម្បីរួមចំណែកដល់ការកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នានៃសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជនក្នុងបណ្ដាប្រទេសមេគង្គ-ឡានឆាង៕