(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា​​ ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាប្រធានកិត្ដិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តធ្វើការផ្សព្វផ្សាយ ស្តីពីទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដល់និស្សិតចំនួន ១៧០នាក់បន្ថែមទៀត នៃសាកលវិទ្យាល័យកម្ពុជា ក្រោមវត្ដមានលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងលោកបណ្ឌិត អ៊ី រតនា សាកលវិទ្យាធិការរងទទួលបន្ទុកសិក្សានៃសាកលវិទ្យាល័យកម្ពុជា។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យកម្ពុជា ជាសាកលវិទ្យាល័យទី៦ ដែលក្រុមការងារបានចុះផ្សព្វផ្សាយពីការប្រារព្ធទិវាពិភពលោកកាក បាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៤។ ការចុះផ្សព្វផ្សាយនេះ គឺផ្ដោតទៅសំខាន់ទៅលើប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ។

លោកស្រីបានបញ្ជាក់ថា «ក្នុងឱកាសចុះផ្សព្វផ្សាយពីទិវាពិភពលោក ៨ឧសភា ឆ្នាំ២០២៤ ក្រុមការងាររបស់យើង មិនមែនយើងគិតអំពីតែការផ្សព្វផ្សាយពីការប្រារព្ធទិវា ៨ឧសភា អំពាវនាវដល់សប្បុរសជន ដើម្បីផ្ដល់ការគាំទ្រនោះទេ យើងក៏បានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការឱ្យប្រជាពលរដ្ឋទទួលបានសុខភាពល្អផងដែរ។ ដូច្នេះក្រុមការងាររបស់យើងបានផ្សព្វផ្សាយ ដោយផ្ដោតសំខាន់ទៅការលើកកម្ពស់សុខភាព និងភាពបន្សុំាទៅនឹងអាកាសធាតុដល់ប្រជាពលរដ្ឋ ដែលស្របទៅនឹងស្ថានភាពបច្ចុប្បន្នភាព កម្ពុជា ក៏ទទួលនូវផលប៉ះពាល់អាកាសធាតុ ធ្វើឱ្យកើនកំដៅខ្លាំងផងដែរ»

បន្ទាប់ពីផ្ដល់សារអប់រំក្នុងការថែទាំសុខភាពជូនសិស្សានុសិស្ស បានសង្កេតឃើញថា និស្សិតទាំងអស់មានការចាប់អារម្មណ៍ និងយល់ដឹងខ្ពស់ពីបញ្ហាសុខភាព ជាពិសេសការប្តេជ្ញាចិត្តរបស់សិស្សានុសិស្សក្នុងការផ្សព្វផ្សាយបន្តក្នុងនាមជាមិត្តអប់រំមិត្ត។

ក្នុងឱកាសនោះលោកស្រីសង្ឃឹមជឿជាក់ថា យើងម្នាក់ៗនឹងចូលរួមអនុវត្តដើម្បីឱ្យខ្លួនយើងមានសុខភាពល្អ និងក្លាយជាទូតសុឆន្ទៈក្នុងការចូលរួមចែករំលែកសារគន្លឹះទាំងនេះ ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ជូនដល់ប្រជាជនយើង។

គួររម្លឹកថាក្នុងឱកាសនោះ លោកស្រីក៏បានគូសបញ្ជាក់ពីសារបាន នៃការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ដែលជាការរំលឹកដល់ការបង្កើតចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (ហៅកាត់ថា ចលនាអន្តរជាតិ) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៦៣។ ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ និងជាសមាជិកទី៨៥ របស់សហព័ន្ធអន្តរជាតិកាលពីឆ្នាំ១៩៦០ ដែរនោះក៏ត្រូវមានភារកិច្ចចូលរួមប្រារព្ធទិវា ៨ ឧសភានេះជារៀងរាល់ឆ្នាំផងដែរ។

សម្រាប់កាកបាទក្រហមកម្ពុជា ការប្រារព្ធទិវា៨ឧសភា បានរៀបចំជាមិទ្ទីងថ្នាក់ជាតិ ចាប់ផ្តើមតាំងពីឆ្នាំ១៩៩៩ ដែលមានគោលបំណងផ្សព្វផ្សាយ ពីអ្វីដែលកាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើ, បង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា និងបន្តអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីកៀរគររកមូលនិធិសម្រាប់ទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់សមាគមជាតិ។

ទន្ទឹមនឹងនោះលោកបណ្ឌិត អ៊ី រតនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ឱកាសដល់និស្សិតនៃសាកលវិទ្យាល័យកម្ពុជា បានចូលរួមវគ្គផ្សព្វផ្សាយនេះ និងសូមវាយតម្លៃខ្ពស់ ចំពោះខ្លឹមសារផ្សព្វផ្សាយដ៏មានសារៈសំខាន់ ដែលនឹងផ្តល់នូវចំណេះដឹង បំណិនជីវិតបន្ថែម ដល់ប្អូនៗនិស្សិត ពីលើអ្វីដែលប្អូនៗបាននិងកំពុងសិក្សាជំនាញនៅក្នុងសាកលវិទ្យាល័យ។

ជំនួសមុខឱ្យលោកស្រី ឃឹម រ៉ានី សាកលវិទ្យាធិការស្តីទី និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យកម្ពុជា និងក្នុងនាមទីប្រឹក្សា, លោកបណ្ឌិត សូមគាំទ្រយ៉ាងពេញទំហឹង និងលើកកម្ពស់សកម្មភាពទាំងឡាយរបស់យុវជនកាកបាទក្រហមកម្ពុជា ដើម្បីចែករំលែកក្តីស្រឡាញ់ និងការលះបង់ពេលវេលាកម្លាំងកាយចិត្ត ដើម្បីសង្គមជាតិយើង។

សូមបញ្ជាក់ថា ចុងបញ្ចប់នៃកម្មវិធី លោកស្រីអគ្គលេខាធិការរងទី១ បានប្រគល់ប័ណ្ណសរសើរ និងថ្លែងអំណរគុណរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនគណៈគ្រប់គ្រងសាកលវិទ្យាល័យកម្ពុជា និងជូនកាដូអនុស្សាវរីយ៍ដល់និស្សិតចំនួន ១០នាក់ ដែលបានឡើងឆ្លើយសំណួរក្នុងកម្មវិធីផ្សព្វផ្សាយខាងលើនេះផងដែរ៕