(ភ្នំពេញ)៖ ពិតជាគ្មានដឹងពីច្បាប់ទម្លាប់មែន ប្រធានសន្តិសុខនៅបុរី លឹម ឈាងហាក់ ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ បាននាំបក្ខពួកប្រមាណ១០នាក់ ជាសន្តិសុខបុរី ជិះម៉ូតូ៣គ្រឿង ទៅប្រើអំពើហិង្សា ដោយវាយ ទាត់ ធាក់បុរសម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ ព្រមទាំងចាប់វាយខ្នោះនាំយកមកកន្លែងការិយាល័យសន្តិសុខ​ ក្នុងបុរីទៀតផង ក្រោយមានជម្លោះជាមួយជនរងគ្រោះ។

ហេតុការណ៍វាយប្រហារទៅលើជនរងគ្រោះខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅផ្ទះជនរងគ្រោះភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ប៉ុន្តែក្រោយចាប់វាយខ្នោះហើយ ក៏នាំមកការិយាល័យសន្តិសុខបុរី នៅសង្កាត់ដង្កោ ខណ្ឌដង្កោថែមទៀត។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សាង ហៃ អាយុ៣០ឆ្នាំ រីឯជនបង្កជាប្រធានសន្តិសុខវិញមានឈ្មោះ វឿន សារុម ហើយបក្ខពួកប្រមាណ១០នាក់ទៀតនោះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

សម្រាប់មូលហេតុវិញ ត្រូវបានគេរាយការណ៍ថា មកពីក្រុមសន្តិសុខទាំងនេះ ខឹងជនរងគ្រោះយកចំពាមកៅស៊ូ ទៅបាញ់កម្មករសំណង់របស់ខ្លួន តែយ៉ាងណានោះ ក៏មិនត្រូវលើកគ្នាទាំងហ្វូង ទៅប្រើអំពើហិង្សា និងចាប់វាយខ្នោះអូសមកកន្លែងបែបនេះទេ ពីព្រោះមិនមែនជាមន្រ្តីនគរបាលយុត្តិធម៌ឡើយ។

បើតាមសេចក្តីរាយការណ៍ដដែល ខណ:ជនរងគ្រោះកំពុងអង្គុយលើគ្រែស្រាប់តែ ប្រធានសន្តិសុខ និងបក្ខពួក ទៅវាយចាប់វាយខ្នោះ ដោយមិនសួរហេតុផល អូសមកកន្លែងការិយាល័យសន្តិសុខ ក្នុងបុរី ហើយបន្តវាយរហូតរបួសធ្ងន់។

យ៉ាងណាក៏ដោយ ក្រោយកើតហេតុ កម្លាំងនគរបាល បានចុះទៅជួយអន្តរាគមន៍ ដោយឃាត់ប្រធានសន្តិសុខរូបនេះមកប៉ុស្តិ៍នគរបាល តែជនរងគ្រោះអំពាវនាវ ឲ្យសមត្ថកិច្ចតាមចាប់បក្ខបន្ថែមទៀត។ នៅពេលនេះមានព័ត៌មានថា ប្រធានសន្តិសុខរូបនេះ អាងថៅកែរបស់ខ្លួន ជាអ្នកមានអំណាចនោះ បាននិងកំពុងរត់ការសុំរួចខ្លួន៕