(ភ្នំពេញ)៖ លោក Liu Hua អគ្គនាយករង នៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (International Atomic Energy Agency - IAEA) បានបញ្ជាក់ជំហគាំទ្រ និងប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីសម្រេចឱ្យបាននូវការបង្កើតផែនការជាតិគ្រប់គ្រងជំងឺមហារីក។

ការថ្លែងយ៉ាងដូច្នេះរបស់លោកក្នុងឳកាស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសុខាភិបាល ជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាទីស្តីការក្រសួង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

លោក Liu Hua អគ្គនាយករងនៃ IAEA ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ទស្សនវិស័យវែងឆ្ងាយរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី និងបានបញ្ជាក់អំពីការគាំទ្រយ៉ាងពេញទំហឹងរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដោយប្តេជ្ញាចិត្តខ្ពស់ និងចូលរួមជាមួយក្រសួងសុខាភិបាលនៃកម្ពុជា ដើម្បីសម្រេចឱ្យបាននូវការបង្កើតផែនការជាតិគ្រប់គ្រងជំងឺមហារីក (National Cancer Control Plan - NCCP) និងការអនុវត្តផែនការសកម្មភាពជាដំណាក់កាលៗ ដោយចូលរួមការតាមដានវឌ្ឍនភាពឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរដល់ IAEA ដែលបានសហការគាំទ្រលើវិស័យសុខាភិបាល ជាពិសេសក្រុមបេសកកម្ម ដែលបានចុះមកវាយតម្លៃការងារប្រយុទ្ធប្រឆាំងមហារីកនៅកម្ពុជា (IMPACT Review Mission team) ដែលជាផ្នែកមួយដ៏សំខាន់របស់ IAEAដោយសារតែបច្ចេកទេសនុយក្លេអ៊ែរ ដើរតួនាទីយ៉ាងសំខាន់ក្នុងផ្នែកវេជ្ជសាស្ត្រ និងដើរតួនាទីពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូ IAEA អំពីប្រវត្តិដែលចាប់ផ្តើមរៀបចំការងារពាក់ព័ន្ធនឹងជំងឺមហារីក តាំងពីឆ្នាំ២០១៣ នៃការកសាងមជ្ឈមណ្ឌលជំងឺមហារីកនៅមន្ទីរពេទ្យកាល់ម៉ែត ដោយបានការជួយឧបត្ថម្ភ គាំទ្របច្ចេកទេស និងបរិក្ខារផ្សេងៗ ក្នុងកិច្ចការងារនេះរហូតដល់បច្ចុប្បន្ន។

ក្នុងនោះផងដែរលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងបញ្ហាប្រឈម មួយចំនួន ដែលត្រូវដោះស្រាយជាក់ស្តែង និងស្នើសុំការគាំទ្រពី IAEAរួមមាន៖ ទី១-មធ្យោបាយនៃការបង្កើត និងពង្រីកនូវ ហេដ្ឋារចនាសម្ព័ន្ធ ទី២-ការបណ្តុះបណ្តាល និងរក្សានូវមូលធនមនុស្សដែលមានជំនាញខ្ពស់ក្នុងផ្នែកនេះ ទី៣-តម្រូវការ និងការ ផ្គត់ផ្គងឧបករណ៍ បរិក្ខារ ទី៤- ឱសថឯកទេសដែលមានប្រសិទ្ធភាពខ្ពស់ និងតម្លៃថ្លៃខ្លាំង ទី៥-និរន្តរភាព និងតាមដាន ថែរក្សាដំណើរការឧបករណ៍បច្ចេកទេស និងទី៦-ប្រព័ន្ធសុវត្ថិភាព និងនិយតកម្ម នៃដំណើរការ និងការទុកដាក់កាកសំណល់គ្រោះថ្នាក់ ដោយវិទ្យុសកម្ម ទាំងផ្នែករដ្ឋ និងពិសេសផ្នែកឯកជន។

ទន្ទឹមនឹងនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់អង្គការ IAEA ជាពិសេសលោកអគ្គនាយករង ដែលបានបញ្ជាក់ជំហរបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងបានស្វាគមន៍ដល់ការផ្តល់នូវជំនាញបច្ចេកទេស មធ្យោបាយនានាបន្ថែមទៀត ក្នុងគោលដៅរួមគ្នាលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕