(បន្ទាយមានជ័យ)៖ គួរឲ្យអាសូរណាស់ គ្រូបង្រៀននៅសាលាបឋមសិក្សាឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ៣នាក់ បានឈ្លក់ទឹកស្លាប់ទាំងអស់គ្នា ដោយសារតែជនរងគ្រោះ​បើក​រថយន្ត​ធ្លាក់ទឹកប្រឡាយ នៅលើកំណាត់ផ្លូវជាតិលេខ៥ មុខមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦នេះ។

មន្រ្តីចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា​ មុនពេលកើតហេតុ មានរថយន្តCamry ឆ្លាមមួយគ្រឿង បានបើកពីជើងទៅត្បូង។ ​លុះបើកមកដល់ចំណុច​កើតហេតុរថយន្តនេះ​បានឡើង​ជែង​ជាមួយរថយន្តមួយផ្សេងទៀតក្នុងស្ថានភាពគ្រោះថ្នាក់ហើយក៏រេចង្កូតធ្លាក់ផ្លូវចូលទៅក្នុងទឹក​ប្រឡាយ បណ្តាលឲ្យលិចរថយន្តតែម្តង។​

ក្រោយកើតហេតុ ប្រជាពលរដ្ឋនៅក្បែរនោះ បាននាំគ្នាទៅជួយអន្តរាគមន៍ដែរ តែដោយសារប្រើពេលយូរពេក ទើបបណ្តាលឲ្យដាច់ខ្យល់ស្លាប់តែម្តង។

ក្រោយពិនិត្យសពរួចហើយ សមត្ថកិច្ច បានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅ​ធ្វើបុណ្យតាមប្រពៃណី៕