(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅទីស្តីការក្រសួង នាព្រឹកថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសមាសភាពគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាលើកដំបូងក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

កិច្ចប្រជុំដ៏មានសារសំខាន់នេះមានការចូលរួមពី អនុប្រធាន អនុប្រធានអចិន្ត្រៃយ៍ សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងសហការី អគ្គលេខាធិការ អគ្គេលេខាធិការរង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សរុបប្រមាណ៧០នាក់។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានរម្លឹកប្រាប់កិច្ចប្រជុំថា គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាស្ថាប័នជាតិមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់រាជរដ្ឋាភិបាល មានបេសកកម្មសម្របសម្រួលក្នុងការគ្រប់គ្រង ការការពារ ការអភិរក្ស និងអភិវឌ្ឍន៍ធនធានទឹក និងធនធានពាក់ព័ន្ធដទៃទៀត ដើម្បីបុព្វហេតុសេដ្ឋកិច្ចជាតិ និងផលប្រយោជន៍របស់ប្រជាជន និងដើម្បីបុព្វហេតុសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងតំបន់ទន្លេមេគង្គសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានលើកឡើងថា ប្រទេសកម្ពុជាក្នុងនាមជាសមាជិកគណៈកម្មការទន្លេមេគង្គ បានបន្តចូលរួមយ៉ាងសកម្ម និងធ្វើកិច្ចសហការយ៉ាងជិតសិ្នទ្ធជាមួយប្រទេសសមាជិកផ្សេងទៀត មានឡាវ ថៃ និងវៀតណាម និងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ក៏ដូចជាមួយប្រទេសដៃគូសន្ទនាមានចិន និងមីយ៉ាន់ម៉ា ព្រមទាំងដៃគូសហការពាក់ព័ន្ធដទៃទៀត ដើម្បីរួមគ្នាបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការតំបន់ និងភាពជាដៃគូឱ្យបានកាន់តែរឹងមាំ និងប្រសើរឡើងថែមទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងនិងបេសកកម្មរួម ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងអាងទន្លេមេគង្គ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា សមិទ្ធផលក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់ដែលសម្រេចបាន គឺបង្ហាញពីការយកចិត្តទុកដាក់និងកិច្ចខិតខំប្រឹងប្រែងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំជាបន្ត ទន្លេមេគង្គតែមួយ ស្មារតីតែមួយ លោករដ្ឋមន្ត្រីបានបង្ហាញនូវជំនឿយ៉ាងមុតមំាថា តាមរយៈផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ២០២៤-២០២៨ ការអនុវត្តបេសកកម្មរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជានឹងទទួលបានជោគជ័យ ព្រមទាំងនាំមកនូវសមិទ្ធផលថ្មីៗច្រើនថែមទៀត ដើម្បីការគ្រប់គ្រង ការប្រើប្រាស់ ការអភិវឌ្ឍ និងការអភិរក្សធនធានទឹក និងធនធានពាក់ព័ន្ធ សម្រាប់ថ្នាក់ជាតិនិងក្របខ័ណ្ឌតំបន់ ឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ៕