(ឧត្តរមានជ័យ)៖ លោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ បានជំរុញ និងណែនាំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ត្រូវបន្តពង្រឹងកិច្ចសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរក្រុងស្រុក ឃុំ សង្កាត់ លើការងារចុះកំណត់ព្រំដែនតំបន់ការពារស្ថានីយ៍បុរាណដ្ឋាន ដើម្បីធ្វើប្លង់កម្មសិទ្ធិ ចៀសវាងការទន្ទ្រានយកពីសំណាក់ជនខិលខូចដោយកត្តាណាមួយ។

ការថ្លែងរបស់លោក ឃិន ញ៉ាណ ក្នុងឱកាសដែលលោកអញ្ជើញជាតំណាងលោក ប៉ែន កុសល្យ អភិបាលខេត្ត ចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយខ្លឹមសារ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលរៀបចំដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

លោក ឃិន ញ៉ាណ បានថ្លែងថា ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ឆ្នាំ២០២៤ ដែលរៀបចំធ្វើឡើងនាពេលនេះ គឺក្នុងកោលបំណងដើម្បីបំផុសស្មារតី ស្រឡាញ់ លើកស្ទួយ និងចូលរួមអភិរក្សថែរក្សា មរតក វប្បធម៌ជាតិ ដល់មហាជន ជាពិសេសយុវជន ដែលជាទំពាំងស្នងឫស្សី ដោយជំរុញឱ្យមានការបង្កើតនូវការដឹងគុណចំពោះបុព្វការីជន ដែលបានខំប្រឹងប្រែងកសាងសម្បត្តិវប្បធម៍ជាតិសម្បូរបែប ប្រកបដោយសក្តានុពលភាព ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គម និងភាពសុខសាន្តរបស់ប្រជាជន និងប្រជាជាតិយើង។

លោកថា យុវជនជាទំពាំងស្នងឫស្សី គួរតែត្រូវយល់ដឹងឱ្យកាន់តែច្បាស់អំពីតម្លៃពិតនៃមរតកវប្បធម៌ជាតិ ដែលជាប្រភពចំណេះដឹងមិនចេះរីងស្ងួត ក្នុងការបង្កើតនូវផលិតភាពការងារ និងជាកាលានុវត្តភាព ក្នុងការចូលរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ចសង្គម ឱ្យប្រកបដោយប្រសិទ្ធិភាពខ្ពស់។

លោកថា ការស្រឡាញ់ និងស្មារតីចូលរួមកាន់តែសកម្ម ក្នុងការថែរក្សាការពារមរតកវប្បធម៌ជាតិ រូបី និងអរូបី នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស ជាមូលដ្ឋានគ្រឹះក្នុងការអភិរក្ស និងអភិវឌ្ឍមរតក វប្បធម៌ជាតិ តាមរយៈការចូលរួមថែរក្សា និងបង្កើតឱ្យមានស្នារដៃឆ្នៃប្រឌិតឈរលើមូលដ្ឋានគ្រឹះវប្បធម៌ជាតិ។ ការបង្កើតឱ្យមានសេវាកម្ម និងផលិតផលវប្បធម៌ ជាចលករក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិមូលដ្ឋាន តាមរយៈវិស័យទេសចរណ៍ និងពាណិជ្ជកម្មលក្ខណៈវប្បធម៌ប្រពៃណី។

លោក ឃិន ញ៉ាណ បានបញ្ជាក់ទៀតថា ដើម្បីចូលរួមកាន់តែសកម្មក្នុងសកម្មភាព ថែរក្សាការពារមរតកវប្បធម៌ជាតិយើង យុវជនត្រូវខិតខំទទួលយកចំណេះ ជំនាញ បច្ចេកទេស អំពីមរតកមនុស្សរស់នៅតាមមូលដ្ឋានខ្លួនក្តី តាមរយៈការសិក្សាស្រាវជ្រាវក្តី ដោយយកចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងគោលបំណងចងក្រងរក្សាទុកឱ្យបានគង់វង្ស អំពីប្រភពសម្បត្តិវប្បធម៍ជាតិ ដែលជាទ្រព្យសម្បត្តិមរតករួមរបស់ប្រជាជាតិយើង ជាគោលដៅផ្សព្វផ្សាយឱ្យបានទូលំទូលាយ ទៅថ្ងៃអនាគតជាសកល និងផ្ទេរបន្តដល់យុវជនជំនាន់ក្រោយដើម្បីបន្តវេន។

ក្នុងនាមលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ, លោក ឃិន ញ៉ាណ បានថ្លែងណែនាំដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ចំនួន៥ចំណុចរួមមាន៖

*បន្តជំរុញសិក្សាស្រាវជ្រាវរុករកស្ថានីយ៍បុរាណ ដែលពុំទាន់ចុះបញ្ជីសារពើភណ្ឌ ដែលនៅសេសសល់តាមទីដាច់ស្រយាល តាមបណ្តោយជួរភ្នំដងរ៉ែក និងតាមព្រៃសហគមន៍ក្នុងខេត្ត។
*បន្តសកម្មភាចុះវាស់វែងគូសគំនូសប្លង់សាលកបត្រកាន់កាប់ តាមទីទួល ស្រះ ត្រពាំង ស្ពាន និងប្រាសាទនានានៅក្នុងខេត្ត ដើម្បីធ្វើប្លង់កម្មសិទ្ធិ។
*បន្តកិច្ចសក្សាស្រាវជ្រាវរុករកចុះបញ្ជីសារពើភណ្ឌ សមុច្ឆ័យ វត្ថុសិល្បៈបុរាណ នៅក្នុង និងក្រៅឃ្លាំង និងតាមទីវត្តអារាម។
*បន្តសិក្សាស្រាវជ្រាវរុករកចុះបញ្ជីមរតកសិល្បះវប្បធម៌អរូបី ជាអាទិ៍ ទំនៀមទម្លាប់ ប្រពៃណី របាំបុរាណ និងសិល្បះហត្ថកម្ម។
*បន្តកិច្ចពង្រឹងកិច្ចសហប្រតិបត្រិការណ៍ជាមួយកងកម្លាំងទាំង៣ប្រភេទ និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការទប់ស្កាត់បទល្មើសបេតិកភណ្ឌ។

ពិសេសមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ ត្រូវបន្តពង្រឹងកិច្ចសហការណ៍ជាមួយមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ លើការងារចុះកំណត់ព្រំដែនតំបន់ការពារស្ថានីយ៍ បុរាណដ្ឋាន ដើម្បីធ្វើប្លង់កម្មសិទ្ធិ ចៀសវាងការទន្ទ្រានយកពីណាក់ជនខិលខូចដោយកត្តាណាមួយ៕