(ពោធិ៍សាត់)៖ អាជ្ញាធរស្រុកវាលវែង ខេត្តពោធិ៍សាត់ បានចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺ ក្រោយមានការផ្សាយតាមបណ្តាញសង្គមពាក់ព័ន្ធដីព្រៃនៅដែនជម្រកសត្វព្រៃភ្នំសំកុស ដែលទទួលរងការបំផ្លាញ។

អាជ្ញាធរបានបញ្ជាក់ថា ការផ្សាយព័ត៌មានតាមបណ្តាញសង្គមមួយចំនួនបានចោទប្រកាន់ថា ដីព្រៃនៅដែនជម្រកសត្វព្រៃភ្នំសំកុសស្ថិតនៅចំនុចស្រែអំពិលភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង កំពុងប្រឈមនិងហានិភ័យៗ។

អាជ្ញាធរសូមបញ្ជាក់ជូនថា ពាក់ព័ន្ធករណីឈូសឆាយដី នៅចំណុចស្រែអំពិល ភូមិក្រពើពីរក្រោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ លោក ទេព កាន់ មេឃុំក្រពើពីរ បានដឹកនាំក្រុមការងារភូមិ កម្លាំងប៉ុស្តិ៍នគរបាល មន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ ចុះពិនិត្យដល់ទីតាំងដី ជាលទ្ធផលឃើញថា ពិតជាមានការឈូសឆាយប្រាកដមែន ប៉ុន្តែទីតាំងដីនោះគឺជាដីមានប្លង់រឹង ក្រៅពីនោះគឺជាដីដែលប្រជាពលរដ្ឋ ធ្លាប់អាស្រ័យផលដំណាំក្រូចពោធិ៍សាត់ ដំណាំដំឡូងមី ជាច្រើនឆ្នាំមកហើយ។

ចំពោះទីតាំងដីដែលនៅក្រៅពីប្លង់រឹង មន្ត្រីបរិស្ថាន ក៏បានពិនិត្យឃើញថា ជាដីដែលនៅក្រៅពីតំបន់ការពារធនធានធម្មជាតិ មិនមែនស្ថិតនៅតំបន់អភិរក្សដែនជម្រកសត្វព្រៃភ្នំសំកុសដូច សារព័ត៌មានបានចុះផ្សាយនោះទេ។

បើតាមអាជ្ញាធរ ការចុះផ្សាយតាមបណ្តាញសង្គមពិតជាធ្វើឲ្យមានការយល់ច្រឡំពីមហាជន ហើយអាជ្ញាធរសូមបដិសេធទាំងស្រុង៕