(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានបន្តជាអធិបតីបន្តប្រារព្ធថ្ងៃទី២នៃសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានអានរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជូនគណអធិបតី និងសមាជិក-សមាជិកានៃអង្គសន្និបាត អមដោយការបង្ហាញវីដេអូរូបភាពពីសមិទ្ធផលនានាដែលក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបានក្នុងឆ្នាំ២០២៣ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

លោក ឆាយ ឫទ្ធិសែន បានវាយតម្លៃខ្ពស់ចំពោះកត្តាសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព និងជាមគ្គុទ្ទេសក៍ឯកនយោបាយឈ្នះឈ្នះ និការបន្តវេនដឹកនាំប្រកបដោយបញ្ញាញាណរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ឱកាសឱ្យមន្ត្រីក្រសួងសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងឆ្នាំ២០២៣ ហើយដែលសមិទ្ធផលទាំងនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់បន្តអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យ។

លោករដ្ឋមន្រ្ដីបានបន្តលើកឡើងពីសារសំខាន់នៃការអភិវឌ្ឍជនបទ ដោយផ្ដោតលើវិស័យអាទិភាពទាំង៤ របស់ក្រសួង រួមមាន៖ ១. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ទី២.កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤.ពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្ដី​បានលើកឡើងអំពីទិសដៅ​ និងភារកិច្ចបន្តរបស់ក្រសួងក្នុងពង្រឹង​គុណភាពផ្លូវជនបទឱ្យកាន់តែរឹងមាំ​ ប្រើប្រាស់បានយូអង្វែង​ ការសម្រេចឱ្យបានផែនការគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាត​ និងអនាម័យជនបទទូទាំងប្រទេស​ ក៏ដូចជាការជម្រុសសេដ្ឋកិច្ចគ្រួសារជនបទឱ្យមានការកើនឡើងផងដែ។

សូមបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រព្រឹត្តទៅមួយថ្ងៃកន្លះរួចមកហើយ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នឹងប្រារព្ធពិធីបិទសន្និបាតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៕