(ព្រៃវែង)៖ ក្រោមកិច្ចសហការរវាងអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ និស្សិតថ្នាក់ឆ្នាំមូលដ្ឋានចំនួន៤១៤នាក់ នៅសាកលវិទ្យាល័យជាស៊ីមកំចាយមារ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ទទួលបានចំណេះដឹងពីផលប៉ះពាល់នៃគ្រឿងញៀន និងបារីអេឡិចត្រូនិក។

ថ្លែងក្នុងនាមលោកបណ្ឌិត សិត ខន សាកលវិទ្យាធិការនៃសាកលវិទ្យាធិការជាតិជាស៊ីមកំចាយមារ ក្នុងឱកាសនោះ លោក យាន សំបូរ សាកលវិទ្យាធិការរង បានថ្លែងថា ដោយបានលើកឡើងពីប្រវត្តិនៃការកកើតនិងភាពរីកចម្រើនក្រោមការដឹកនាំយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំពិសេសសម្តេចក្រឡាហោម ស ខេង ដែលបានពង្រីកខ្លួនជាបន្តបន្ទាប់សំដៅផ្តល់គុណភាពសិក្សា និងប្រសិទ្ធភាពជំនាញដល់និស្សិតពេលពួកគាត់បញ្ចប់ការសិក្សាចេញទៅបម្រើការងារ។

ថ្លែងក្នុងនាម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការស្តីទី និងលោក ថោង សុគន្ធា អគ្គលេខាធិការរង, ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណ និងកោតសសើរដល់ថ្នាក់ដឹកនាំដែលបានចូលរួមសហការអនុវត្តតាមយុទ្ធសាស្រ្តពហុវិស័យ និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាបទបញ្ជានានាសំដៅរក្សាបាននូវសុខភាព គុណភាព សុវត្ថិភាពដល់និស្សិត។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាព ជាការងាររួមរបស់យើងទាំងអស់គ្នា ត្រូវតែចូលរួមសហការគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនោះត្រូវពង្រឹងប្រសិទ្ធភាពពង្រីកការងារផ្សព្វផ្សាយ អប់រំ បញ្រ្ចៀបបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋរបស់យើងគ្រប់ស្រទាប់ដើម្បីពួកគាត់ទទួលបាននូវការយល់ដឹងជួយផ្សព្វផ្សាយបន្តបានកាន់តែទូលំទូលាយ គ្រប់លទ្ធភាព គ្រប់មធ្យោបាយ។

ឆ្លើបតបទៅនឹងការងារនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកសន្តិបណ្ឌិត នេត សាវឿន ដែលបានដាក់ចេញនូវសេចក្តីណែនាំ គោលការណ៍ណែនាំចាត់តាំងអនុវត្តជាបន្ទាប់សំដៅគាំទ្រឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសិទ្ធភាពនាំមកនូវភាពសម្បូរសប្បាយ សុខដុមរមនាដល់ប្រជាពលរដ្ឋគ្រប់រូបនិងសហគមន៍ទាំងមូល។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្ថែមថា និស្សិតជាយុវជន ជាវ័យលូតលាស់ឆាប់ទទួលយកនូវអ្វីៗដែលថ្មី ហើយការផ្តល់ព័ត៌មានពិតពីបញ្ហានានាពិសេសបញ្ហាគ្រឿងញៀនឱ្យពួកគេបានយល់ដឹងជាការងារសំខាន់ចាំបាច់ណាស់ព្រោះពួកគេអាចចូលរួមទប់ស្កាត់បាននូវការរីករាលបញ្ហាគ្រឿងញៀនចូលទៅក្នុងសហគមន៍ ប្រជាពលរដ្ឋទាំងអស់នឹងមានសុខភាពល្អ មានការអភិវឌ្ឍរីកចម្រើន។

តាមរយៈវាគ្មិន ឧត្តមសេនីយ៍ត្រី យិន យឿត និងឧត្តមសេនីយ៍ត្រី ឈិន ភូមា បានឱ្យដឹងថា និស្សិតទាំងអស់ពិតជាក្លាហាន បានចូលរួមសកម្មភាពជាមួយវាគ្មិន ស្តាប់ ចែករំលែកចំណេះដឹង និងចម្ងល់នានាពីបញ្ហាគ្រឿងញៀនហើយពួកគាត់នឹងជួយផ្សព្វផ្សាយបន្តពីបញ្ហាគ្រឿងញៀននិងបារីអេឡិចត្រូនិកនេះដល់ក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់របស់ពួកគាត់៕