(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌដង្កោ លោក ជឹម ស៊ីថា បានបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦នេះ យាយម៉ាំមី សកម្មជនដីធ្លីបឹងកក់ មិនទាន់ត្រូវបានដោះលែងនៅឡើយទេ ពោលនៅបន្តការសួរនាំនៅអធិការខណ្ឌនៅឡើយ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦នេះ សមត្ថកិច្ចខណ្ឌដង្កោ បានឃាត់ខ្លួនលោកស្រី ឃុន ង៉ែត ហៅយាយ ម៉ាំមី សកម្មជនបឹងកក់ យកទៅសួរនាំនៅសាលាខណ្ឌដង្កោ បន្ទាប់ពីសកម្មជនដីធ្លី អង្គការសហគមន៍ប្រមាណ៥០នាក់ បានលើកគ្នាទៅតវ៉ានៅខាងមុខពន្ធនាគារព្រៃស ដើម្បីទាមទារឱ្យដោះលែង អ្នកស្រី ទេព វ៉ាន្នី។

ក្រោយមានការឃាត់ខ្លួនភ្លាម មានសហគមន៍បឹងកក់ និងសហគមន៍បុរីកីឡា បាននាំគ្នាមកប្រមូលផ្តុំគ្នានៅខាងមុខសាលាខណ្ឌដង្កោវិញ ដើម្បីទាមទារអោយមានការដោះលែងយាយ ម៉ាំមី ៕