(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយលោកលើកឡើងថា «ទោះបីពិភពលោក អស្ថិរភាព និងស្មុគស្មាញយ៉ាងណាក៏ដោយ ក៏កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅតែរក្សាភាពរីកចម្រើនជាលំដាប់»

ប្រមុខការទូតកម្ពុជា បានលើកឡើងបែបនេះ តាមរយៈសារលិខិតមួយអបអរសាទរដល់«ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៤» ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានបង្កើតឡើង នៅទីក្រុងសាន់យ៉ា ឆ្នាំ២០១៦ ដោយមានការចូលរួមពីប្រទេសចិន និងបណ្តាប្រទេសអាស៊ានចំនួន៥ រួមមាន កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា និងថៃ ជាដើម ក្នុងគោលដៅលើកកម្ពស់ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក៏ដូចជាការកសាងសហគមន៍មួយដែលមានអនាគតរួម គ្នានៃសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជនក្នុងតំបន់ និងពិភពលោក។

លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បានបញ្ជាក់បន្ថែមថា រយៈពេលប្រាំបីឆ្នាំកន្លងមកនេះ យន្តការមេគង្គ-ឡានឆាង បាននិងកំពុងឆ្ពោះទៅមុខ ហើយក្លាយទៅជាគំរូនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដ៏មានប្រសិទ្ធភាព ផ្តល់នូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ និងបង្កើនកិច្ចសហការគ្នា។ យន្តការនេះក៏បានជំរុញកំណើនថ្មីសម្រាប់រយៈពេលវែង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់តំបន់ ជាពិសេសតាម រយៈការអនុវត្តប្រកបដោយជោគជ័យនៃផែនការសកម្មភាពប្រាំឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) ដែលបានផ្តល់លទ្ធផលជាផ្លែផ្កាសម្រាប់សុខុមាលភាពរបស់ប្រជាជនយើង។

បច្ចុប្បន្នស្ថានភាពពិភពលោកកាន់តែស្មុគស្មាញ ដោយលេចឡើងនូវសង្គ្រាមថ្មីៗ ដូចជាសង្គ្រាមរុស្សី-អ៊ុយក្រែន សង្គ្រាមក្រុមម៉ាស់ប៉ាលេស្ទីន-អ៉ីស្រាអែលជាដើម។ បន្ថែមពីនេះ បញ្ហាឧបទ្វីបកូរ៉េ បញ្ហាតៃវ៉ាន់ បញ្ហាសមុទ្រចិនខាងត្បូង ក៏សុទ្ធតែក្លាយទៅជាកង្វល់រួមរបស់ពិភពលោក។ បញ្ហាទាំងនេះ បានហាក់បានចូលរួមបង្អាក់ដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។ ទោះជាយ៉ាងនេះក្តី តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ប្រទេសសមាជិកទាំងអស់ ក៏បានដាក់ចេញផែនការសកម្មភាព ក្នុងគោលដៅឆ្ពោះទៅមុខ បន្តបន្ទាប់ផងដែរ។

នៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ កាលពីខែធ្នូ ឆ្នាំ២០២៣ ប្រមុខរដ្ឋាភិបាលរបស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានអនុម័ត «សេចក្តីថ្លែងការណ៍ទីក្រុងណៃពិដោ»។ នៅក្នុងការឯកភាពគ្នាជំរុញខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ប្រមុខដឹកនាំទាំងអស់បានគូសបញ្ជាក់ពី តម្រូវការនៅក្នុងការចាប់យកឱកាសក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងឧស្សាហកម្ម។ ថ្នាក់ដឹកនាំក៏ បានឯកភាពសហការគ្នាក្នុងវិស័យថាមពលថ្មីៗ ដូចជារថយន្តអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងសំឡឹង មើលវេទិកាព័ត៌មានមេគង្គ-ឡានឆាងគ្រប់ជ្រុងជ្រោយសម្រាប់សេដ្ឋកិច្ចកសិកម្ម វិនិយោគ និងបច្ចេកវិទ្យា។

តាមរយៈសារលិខិតនេះ ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាមហាអំណាចមួយនៅក្នុងតំបន់ ដែលបានផ្ដល់ការគាំទ្រ និងចូលរួមយ៉ាងសកម្ម ក្នុងការជំរុញក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ‑ឡានឆាង។ បន្ថែមពីនោះ លោកមានជំនឿយ៉ាងមុតមាំថាក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ‑ឡានឆាង នឹងបន្តគាំទ្រដល់សហគមន៍នៃអនាគតរួមគ្នា ដើម្បីនាំមកនូវវិបុលភាពសម្រាប់ប្រជាជនគ្រប់រូប។

តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កម្ពុជាក៏បានទទួលអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពីគម្រោងជាច្រើនកន្លងមក។ ក្នុងរយៈពេល ៦ឆ្នាំកន្លងមក កម្ពុជាមានគម្រោងប្រមាណជិត ៩០ ដែលទទួលបានការគាំទ្រតាមរយៈមូលនិធិមេគង្គ-ឡានឆាង៕