(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការអបអរសាទរដោយ​ស្មោះអស់ពីដួងចិត្តជូនលោក វ៉្លាឌីមៀ ពូទីន ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋបន្តជាប់ឆ្នោតជា​ប្រធានាធិបតីរុស្ស៉ី។

ក្នុងសារលិខិតអបអរសាទរ និងជូនពរផ្ញើជូនលោក ពូទីន, សម្តេចធិបតី បានចាត់ទុកជ័យជម្នះនេះ​ជា​សក្ខី​ភាព​ដ៏រឹងមាំ និងការទទួលស្គាល់លើស្នាដៃ ដែលលោកពូទីន បាននាំមកជូនប្រជាជាតិរុស្ស៉ី។

ក្នុងសារលិខិតនេះ សម្តេចធិបតី បានគូសរំលេចផងដែរថា ចាប់តាំងពីការចាប់ផ្តើមទំនាក់ទំនង​៧០​ឆ្នាំមកនេះ កម្ពុជា និងរុស្ស៉ី បានរីករាយនឹងទំនាក់ទំនងប្រពៃណីនៃមិត្តភាពដ៏កក់ក្តៅ និងពិត​ប្រាកដ ដែល​ចងភ្ជាប់ដោយមនោសញ្ចេតនាដ៏រឹងមាំនៃទំនុកចិត្តផ្នែកនយោបាយ ការគោរព និងការយោគ​យល់គ្នា​ទៅវិញ​ទៅមក ដោយឈរលើតម្លៃរួម និងផលប្រយោជន៍រួម។

សម្តេចធិបតី បានបង្ហាញជំនឿចិត្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា កម្ពុជា និងរុស្ស៉ី នឹងអាចប្រើ​ប្រាស់​​សក្តានុពលនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងប្រទេសទាំងពីរ​នៅក្នុងវិស័យជាក់​ស្តែង​ដែលមានស្រាប់ និងបន្តទៅអនាគត។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសត្រៀមខ្លួនជាស្រេច​ ដើម្បី​ធ្វើការយ៉ាង​ជិតស្និទ្ធជាមួយលោក ពូទីន និងរដ្ឋាភិបាលរុស្ស៉ី ដើម្បីបង្ហាញពីសករាជថ្មី​នៃទំនាក់ទំនងកម្ពុជា-រុស្សី កាន់តែប្រសើរឡើង ដើម្បីផលប្រយោជន៍ប្រជាជនប្រទេសទាំងពីរ និងនាំមកនូវផ្លែផ្កា​ថ្មីបន្ថែមទៀត សម្រេចបាននូវសន្តិភាព ភាពសុខដុម និងវិបុលភាពសម្រាប់តំបន់ និងពិភពលោក។

សូមបញ្ជាក់ថា លោក ពូទីន ទទួលបានឱកាសដឹកនាំប្រទេសរុស្ស៉ី រយៈពេល៦ឆ្នាំបន្តទៀត បន្ទាប់ពី​ទទួល​​បាន​ការគាំទ្រពីសំឡេងឆ្នោតជិត៩០ភាគរយ ក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសប្រធានាធិបតី​រយៈ​ពេល៣ថ្ងៃកន្លងទៅថ្មីៗនេះ។

លោក ពូទីន បានឡើងកាន់អំណាចដំបូង កាលពីចុងឆ្នាំ១៩៩៩ បន្ទាប់ពីលោក Boris Yeltsin ហើយបានបន្តជាមេដឹកនាំ​នៃប្រទេសរុស្ស៉ីជាប់រហូតមក បើទោះបីជាកាលពីចន្លោះឆ្នាំ២០០៨-២០១២ លោកមានតំណែងជានាយករដ្ឋមន្ត្រី មិនមែនប្រធានាធិបតីក៏ដោយ។

តាមរយៈជ័យជម្នះខាងលើនេះ លោក ពូទីន នឹងអាចបន្តកាន់អំណាចបានរហូតដល់ យ៉ាងហោច​ឆ្នាំ​២០៣០។ តាមរយៈការក្តោបក្តាប់អំណាចមួយអាណត្តិនេះទៀត ធ្វើឱ្យលោក ពូទីន វ័យ៧១ឆ្នាំ ក្លាយជា​មេដឹកនាំរុស្ស៉ី ​ដែលកាន់អំណាចយូរជាងគេបំផុត ក្នុងរយៈពេលជាង២០០ឆ្នាំ៕