(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានតម្រុយ នៃការបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងក្លឹបកម្សាន្ត City of Starry Sky ដែលជាអតីតក្លឹបកម្សាន្ត BOEING នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញរួចមក, កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានបន្តស្រាវជ្រាវឈានដល់ឆ្មក់ចូលបង្ក្រាបទល្មើសគ្រឿងញៀន នៅខារ៉ាអូខេមួយកន្លែងទៀត ដែលមានម្ចាស់តែមួយជាមួយគ្នា ដោយឃាត់ខ្លួនជនល្មើសចំនួន ៣នាក់បញ្ជូនទៅតុលាការ។

ការបង្ក្រាបនេះ អនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច, ឧត្ដមសេន៍យ៍ ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៖០០នាទីរំលងអាធ្រាត្រ កម្លាំងរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនបង្ក្រាបគ្រឿងញៀន បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីជួញដូរ រក្សារទុក សម្រួលឱ្យប្រើប្រាស់ និងសមគំនិតក្នុងអំពើសម្រួលឱ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច ខារ៉ាអូខេឈ្មោះ HUADUKTV CLUB HOUSE ផ្លូវលេខ១០១៩ (ណប្រ៊ីដ) ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងការបង្ក្រាបនេះ កម្លាំងជំនាញឃាត់ខ្លួនជនល្មើស ៣នាក់ជាជនជាតិចិន បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ រួមមាន៖ ឈ្មោះCHEN YONGKANG ភេទប្រុស កំណើតឆ្នាំ ១៩៩៤, ឈ្មោះCHEN YANAN ភេទស្រី កំណើតឆ្នាំ ១៩៨៥ និងឈ្មោះ FAN GAO YUN ភេទស្រី កើតឆ្នាំ១៩៨៣។

សម្រាប់វត្ថុតាងគ្រឿងញៀន ចាប់យកបានរួមមាន៖ សារធាតុញៀនប្រភេទ អ៊ិចស្ដាស៊ី (MDMA) ទម្ងន់ ១គីឡូ ១៣៩.២១ក្រាម និងសារធាតុញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៨៦១.៧៧ក្រាម។ សរុបរួមសារធាតុញៀនទម្ងន់ ២០០០.៩៨ក្រាម (២គីឡូក្រាម ០.៩៨ក្រាម)។

នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យមន្ទីរប្រឆាំងគ្រឿងញៀន ប្រើប្រាស់កណ្តាប់ដៃដែក ធ្វើការបោសសម្អាតឧក្រិដ្ឋជនគ្រឿងញៀនឱ្យអស់ ពិសេសនៅតាមក្លិបកម្សាន្ត។ មន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តថានឹងចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដឲ្យអស់ នូវបញ្ហាគ្រឿងញៀននេះ៕