(ចិន)៖ ដំណើរទស្សនកិច្ចជាលើកចុងក្រោយរបស់លោក បារ៉ាក់ អូបាម៉ា មកកាន់ប្រទេសចិន ក្នុងនាមជាមេដឹកជិតផុតអណត្តិនោះ បានក្លាយជាក្តីរំពឹងមួយនៃការផ្សះចំណងទាក់ទងដែល បានជួបភាពរកាំរកុះដោយសារជម្លោះ នៅសមុទ្រចិនខាងត្បូង ប៉ុន្តែគ្រាន់តែលោក អូបាម៉ា និងគណៈប្រតិភូ ចុះពីលើយន្តហោះពិសេសភ្លាម ការប្រើប្រាស់ពាក្យសម្តីមិនសមរម្យពីមន្ត្រី រដ្ឋាភិបាលចិនក៏បានកើតឡើង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន ក្នុងស្រុកអាមេរិក Zero Hedge នៅថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា ឆ្នាំ២០១៦។

ដំណើរមកចូលរួមកិច្ចប្រជុំ G20 របស់លោក បារ៉ាក់ អូបាម៉ា ហាក់មិនបានទទួលការស្វាគមន៍យ៉ាងខ្ពស់មុខខ្ពស់មាត់ ដូចបណ្តាមេដឹកនាំដទៃៗទៀតនោះឡើយ ដោយលោក និងប្រតិភូ ត្រូវបានទទួលស្វាគមន៍ដោយការដើរលើថ្នល់កៅស៊ូ មិនមែនកម្រាលពណ៌ក្រហម មានប៉ាក់ដោយក្បាច់ក្បូរនោះឡើយ ហើយដោយឡែក លោកស្រី ស៊ូសាន រ៉ៃស៍ ដែលជាទីប្រឹក្សាសន្តិសុខជាតិ បែរជាទៅទាស់សម្តីជាមួយមន្ត្រីរដ្ឋាភិបាលចិន ដែលឈរទទួលដំណើរលោក អូបាម៉ា ដោយទំនង ជាមន្ត្រីចិនរូបនោះ បានស្រែកពាក្យមិនសមរម្យទៅកាន់ក្បួនចុះពីលើយន្តហោះរបស់មេដឹកនាំអាមេរិករូបនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺលោក អូបាម៉ា មិនបានចុះតាមជណ្តើរមានក្រាលកម្រាលក្រហមនោះឡើយ ដោយលោកចុះតាមជណ្តើរពេលគ្រាមានអាសន្នទៅវិញ (ដូចក្នុងរូបភាព)។

អ្នកតាមដានព័ត៌មានរបស់ AP បានឲ្យដឹងថា នេះជាសញ្ញាមិនសមគួរមួយទៅហើយ សម្រាប់ លោក អូបាម៉ា និងមន្ត្រីអមដំណើរ ខណៈដែលការទទួលដូច ខាងលើនេះ វាមិនសក្តិសមកើតមានចំពោះមេដឹកនាំពិភពលោកទាំងមូលនោះឡើយ។ យ៉ាងណាក៏ដោយគ្រប់គ្នាបានមើលឃើញយ៉ាងច្បាស់ថា នេះជាចេតនារបស់ទីក្រុងប៉េកាំង ចំពោះមេដឹកនាំអាមេរិក ដែលទំនងជាការសងសឹកចំពោះមន្ត្រីគ្រប់ជាន់ថ្នាក់របស់អាមេរិក រួមទាំងលោក អូបាម៉ា ផងដែរ ដែលបានរិះគន់ចិនមិនសំចៃមាត់ មកលើទីក្រុងប៉េកាំង ចំពោះបញ្ហាជម្លោះអធិបតេយ្យនៅសមុទ្រចិនខាងត្បូង៕