(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន នាពេលថ្មីៗនេះបានសរសេរលិខិតមួយជូនសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ ដោយស្នើសុំឲ្យម្ចាស់​រថយន្តពាក់ផ្លាកលេខនគរបាល​ ដែលបានកត់ត្រាទុក (គ្មានពន្ធ) ដោយមន្រ្តីគយ​ និងរដ្ឋាករ ចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាការតាមបទប្បញ្ញត្តិជាធរមាន នេះបើយោងតាមលិខិតរបស់រដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា ឆ្នាំ២០១៦នេះ។

នៅក្នុងលិខិតរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបានរៀបរាប់ថា «យោងតាមស្មារតីលិខិតរបស់ក្រសួងមហាផ្ទៃ លេខ៤៩៣លស ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានណែនាំ​ឲ្យអគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា ផ្អាកជាបណ្តោះអាសន្នក្នុងការចាប់ឃាត់រថយន្តពាក់ស្លាកលេខ នប នៅតាមទីសាធារណៈ ប៉ុន្តែបានឲ្យអនុវត្តនីតិវិធីសួរនាំម្ចាស់រថយន្តពាក់ផ្លាកលេខ​ នប ដែលសង្ស័យមួយចំនួន ដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងបញ្ជីសារពើភណ្ឌទ្រព្យ រដ្ឋរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ចាប់តាមងពីបានអនុវត្តតាមនីតិវិធីដូចបានជម្រាបជូនខាងលើនោះមក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពុំបានចាប់ឃាត់រថយន្តគ្មានពន្ធដែលពាក់ផ្លាកលេខ នប ទៀតឡើយ ប៉ុន្តែក្រោយការសួរនាំ និងផ្ទៀងផ្ទាត់ ហើយក្នុងករណីពុំឃើញមានក្នុងបញ្ជីសារពើភណ្ឌ ជាទ្រព្យរដ្ឋ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានកត់ត្រាទុកនូវរាល់រថយន្តពាក់ផ្លាកលេខ នប ទាំងនោះ​ដោយលម្អិតពិភិនភាគរថយន្ត អត្តសញ្ញាណអ្នកកាន់កាប់ និងផ្លាកលេខ នប សម្គាល់ជាដើម ដើម្បីបញ្ជូនមកក្រសួងមហាផ្ទៃធ្វើការក្រើនរំលឹក ជំរុញដល់អ្នកកាន់កាប់រថយន្ត​ទាំងនោះ​ឲ្យមកបំពេញកាតព្វកិច្ចពន្ធ និងអាករតាមច្បាប់ជាធរមាន។

កន្លងមករាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យអនុវត្តផែនការសកម្មភាពស្តីពីការប្រមូលពន្ធអាករ លើយានយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសជា៣ដំណាក់កាល ដែលពីរដំណាក់កាលដំបូង​បានផ្តល់​ភាពទន់ភ្លន់ និងការអនុគ្រោះ ដូចជាការកំណត់ប្រាក់ពិន័យក្នុងកម្រិតទាប ការកំណត់តម្លៃគិតពន្ធទាបចំពោះយានយន្ត ចាស់ទ្រុឌទ្រោមជាដើម មុននឹងឈានដល់ដំណាក់កាលទី៣ ដែលជា​ដំណាក់កាលនៃប្រតិបត្តិការបង្រ្កាបចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ប៉ុន្តែទោះជាយ៉ាងណានេះក្តី ការពិន័យអនុគ្រោះនឹងបន្តសុពលភាពរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦។

នៅក្នុងលិខិតរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ទៀតថា «អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី មេត្តាជ្រាបនឹងផ្តល់ការណែនាំដល់អ្នកកាន់កាប់ ឬម្ចាស់រថយន្តគ្មានពន្ធដែលមានក្នុងតារាងជូនភ្ជាប់ និងម្ចាស់រថយន្តពាក់ផ្លាកលេខ​ នប ផ្សេងទៀតដែលគ្មានពន្ធ ឲ្យចូលមកបំពេញកាតព្វកិច្ចអាករតាមបទប្បញ្ញត្តិជាធរមាន ដោយអនុគ្រោះ»។

ព័ត៌មានលម្អិតសូមអានលិខិតរបស់ក្រសួងសេដ្ឋកិច្ច ផ្ញើជូនសម្តេចក្រឡាហោម ស ខេង៖