(សៀមរាប)៖ ឆ្លៀតថ្ងៃឈប់សម្រាកទី៤ ខែកញ្ញា ឆ្នាំ២០១៦នេះលោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះពិនិត្យទីតាំងសាងសង់ស្នាក់​ការអនុសាខាកាក​បាតក្រហមកម្ពុជា​ស្រុកពួក ជាពិសេសនោះ គឺបន្តចុះពិនិត្យស្ថានភាពស្រូវពង្រោះដែលជួបគ្រោះរាំងស្ងួតត្រូវស្វិតស្រពោនជិត៦០០ហិកតា នៅឃុំព្រៃជ្រូក ស្រុកពួក ប៉ុន្តែនៅពេលនេះ ដំណាំ​ស្រូវ​បានលូត​លាស់យ៉ាងស្រស់បំព្រង បន្ទាប់ពីលោកអភិបាលខេត្ត បានជួយអន្តរាគមន៍ទាន់ពេលវេលាមក។

មន្រ្តីសាលាខេត្តសៀមរាប បានឲ្យដឹងថា កាលពី២សប្តាហ៍មុន ក្រុមការងារបានចាប់ផ្តើមអន្តរាគមន៍ ស្តារប្រឡាយចាស់សងខាងផ្លូវប្រវែងសរុប៤គីឡូម៉ែត្រ ពីជើងទៅត្បូងដោយប្រើ​អេស្កាវ៉ាទ័រ​ចំនួន៣គ្រឿង និងគួបផ្សំការប្រើកម្លាំង ព្រមទាំងដាក់ម៉ាស៊ីបូមទឹកចំនួន២គ្រឿង មានបំពង់បង្ហូរ 0,3ម៉ែត្រ ដើម្បីទាញទឹកស្រោចស្រព្វ និងជួយសង្គ្រោះស្ថានភាពនេះ។

តាមការចុះ​ពិនិត្យជាក់ស្តែងនៅថ្ងៃនេះ យើងសង្កេតឃើញថា ស្រូវពង្រោះទាំងអស់នោះមានទឹកគ្រប់គ្រាន់ និងមាការលូតលាត់ខៀវខ្ចីវិញហើយ។ នៅក្នុងឱកាសនេះ លោកបណ្ឌិតអភិបាលខេត្ត បានណែនាំទៅលោកមេឃុំ ឲ្យប្រាប់ប្រជាពលរដ្ឋយើង ឲ្យចេះប្រើប្រាស់ទឹក គ្រប់គ្រងទឹក និងចាត់ចែងឲ្យមានប្រសិទ្ធភាព សមធម៌ និងមានចីរភាព។

ជាការឆ្លើយតបវិញ លោកមេឃុំបានប្រាប់ថា «ប្រជាពលរដ្ឋយើងបានជីកស្រះដើម្បីទទួលទឹកដែលហូរទៅពីខាងលើសម្រាប់ប្រើប្រាស់ ពេលដែលរាំងស្ងួតនៅរដូវប្រាំង។ យើងខិតខំធ្វើយ៉ាងណាឲ្យមានការត​ភ្ជាប់ពីប្រឡាយមួយ​ទៅប្រឡាយមួយបាន ដើម្បីរក្សាទឹកនៅតាមប្រឡាយទាំងរដូវប្រាំង អាចឲ្យប្រជាជនយើងអាចធ្វើស្រែបានទាំងប្រាំង និងវស្សា»