(សៀមរាប)៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សាលាកំរើក បានបើកប្រតិបត្តិការ​បង្ក្រាបចាប់​ខ្លួន​ក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់ ហើយបញ្ជូនទៅកាន់តុលាការនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦នេះ។

ស្នងការរងនគរបាលខេត្តសៀមរាប និងជាប្រធាន​ការិយាល័យ​កណ្តាលប្រឆាំងបទល្មើស លោកឧត្តមសេនីយ៍ត្រី អ៊ុ អមរ៉ា បានប្រាប់ថា សម្រាប់ប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ដែលបាន​ធ្វើឡើង​នៅថ្ងៃទី៣ ខែកញ្ញា ស្ថិតនៅភូមិ៦ សង្កាត់ចុងឃ្មៀស និងភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាបខាងលើនេះ កម្លាំងនគរបាលរបស់លោក បានធ្វើការដកហូតថ្នាំញៀន​ចំនួន១៨​កញ្ចប់ កាំភ្លើងម៉ាក M79មួយដើម សម្ភារសម្រាប់វេច​ខ្ចប់មួយចំនួន ទូរស័ព្ទដៃ៥គ្រឿង និងម៉ូតូ១គ្រឿងផងដែរ។ លោកឧត្តមសេនីយ៍ស្នងការរង បានបន្តថា ក្រោយពីទទួលបានព័ត៌មាន​ពីសកម្មភាព​ជួញ​ដូរគ្រឿងញៀនខាងលើនេះ កម្លាំងនគរបាល​ជំនាញរបស់លោក សហការជាមួយនគរបាលមូលដ្ឋានក្រោមការបញ្ជាផ្ទាល់ពី លោក ឃឹម ប៊ុនសុង ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងលោក​ឧត្តមសេនីយ៍​ស្នងការ ក្រោមការសម្របសម្រួល​ពីតំណាងអយ្យការផងនោះ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតចុះបង្ក្រាបជាក់ស្តែង និងធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ ព្រមទាំង​ដកហូតវត្ថុតាងទាំងនេះតែម្តង។ សម្រាប់ជនសង្ស័យ​ទាំង៦នាក់នេះរួមមាន៖

ទី១- ឈ្មោះ ព្រិច សុភ័ស មុខរបរសន្ដិសុខ មានស្រុកកំណើតនៅក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល
ទី២- ឈ្មោះ គល់ ចំណាន មុខរបរសន្ដិសុខ មានស្រុកកំណើតនៅក្នុងភូមិវាល សង្កាត់ស្លក្រាម ខេត្តសៀមរាប
ទី៣- ឈ្មោះ ឆោម អូនដែន មុខរបរលក់ដូរ មានស្រុកកំណើតនៅក្នុងភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប
ទី៤- ឈ្មោះ ពៅ សុភ័ក្រ ហៅខូចរឹមអូន មុខរបរលក់ដូរ និងជួសជុលទូរស័ព្ទដៃ មានស្រុកកំណើតនៅក្រុមទី៤ ភូមិភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប
ទី៥- ឈ្មោះ មឿន រ៉ាឌី មុខរបរនៅផ្ទះ មានស្រុកកំណើតនៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប
ទី៦- ឈ្មោះ ទួនភឿន ចំរើនរិទ្ធ មុខរបរជួសជុលទូរស័ព្ទដៃ មានស្រុកកំណើតនៅក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប៕