(ភ្នំពេញ)៖ មន្រ្តីសង្ឃព្រះមេគណ អនុគណ ពុទ្ធបរិស័ទ ព្រះចៅអធិការគ្រប់វត្ត នៅទូទាំងព្រះរាជណាចក្រកម្ពុជា សិស្សគណ សិល្បករ ពិធីករ ពិធីការី របស់ទូរស្សន៍ជាតិកម្ពុជា រួមទាំងពុទ្ធបរិស័ទ បានប្រមូលមាតិគ្នារៀបចំពិធីបុណ្យ ចម្រើនព្រះជន្ម និងបុណ្យ កត្តញ្ញូ ថ្វាយដល់សម្តេចព្រះ អភិសិរីសុគន្ធា មហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចមហាសង្ឃរាជ នៃគណៈ​ធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តបុទុម គណធម្មយុត្ត រាធានីភ្នំពេញ នាថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០១៦។

ពិធីបុណ្យចម្រើនព្រះជន្ម និងបុណ្យកត្តញ្ញូនេះ ប្រព្រឹត្តទៅតាមទំនៀមទំលាប់ព្រះពុទ្ធសាសនា ដោយមានការជួបជុំសិស្សគណ ពុទ្ធបរិស័ទ នមស្ការព្រះរតនត្រ័យ សម្មាទានសីល និងព្រះសង្ឃសូត្រ​ស្វាធ្យាយជយន្តោ ចម្រើនសិរីសួស្តីថ្វាយដល់សម្តេចព្រះ អភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រមទាំងមានពិធីថ្វាយព្រះពរជ័យសិរីមង្គល និងស្រោចស្រពព្រះសុគន្ធ​វារីថ្វាយ​គ្រឿង សក្ការៈផ្សេងៗដល់សម្តេចព្រះមហាសង្ឃរាជផងដែរ។

ការរៀបចំបុណ្យចម្រើនព្រះជន្ម និងបុណ្យកត្តញ្ញូ នេះឡើងក្នុងបំណងដើម្បីបង្ហាញពីការគោរព ដឹងគុណពីព្រះសង្ឃ សិស្សគណ និងពុទ្ធបរិស័ទទាំងអស់ចំពោះសម្តេចព្រះ អភិសិរីសុគន្ធា មហាសង្ឃរា​ជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ដែលសម្តេចព្រះមហាសង្ឃរាជ ជាព្រះរាជឧបជ្ឈាយ៍ដើម្បីចម្រើនសិរីសួស្តីដល់សម្តេចព្រះមហាសង្ឃរាជ ឲ្យមានព្រះជន្មាយុយឺនយូមានព្រះសុខភាពល្អបរិបូរណ៍ គង់នៅជាម្លប់ដ៏ត្រជាក់ទ្រទ្រង់ និងដឹកនាំវិស័យព្រះសាសនា ដែលជាសាសនារបស់រដ្ឋឲ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងថែមទៀត។

ក្នុងឱកាសនោះ សម្តេចព្រះ អភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី មានព្រះបន្ទូលផ្តល់ឱវាទដល់ព្រះសង្ឃថា ក្នុងនាមជាព្រះសង្ឃត្រូវគោរពប្រត្តិបត្តិធម៌វិន័យឲ្យបានត្រឹមត្រូវ ត្រូវមានឥរិយាបថសាកសមឲ្យពុទ្ធបរិស័ទគោរពបូជា ខិតខំប្រឹងប្រែងរៀនសូត្រសិក្សាស្រាវជ្រាវ ធម៌វិន័យឲ្យបានខ្លាំងក្លាសំដៅអប់រំទូន្មាន ដល់ឱវាទអប់រំចិត្តបែបព្រះពុទ្ធសាសនា ដល់ពុទ្ធសាសនិកជន​ឲ្យប្រព្រឹត្តតែអំពើល្អជៀសវៀងអំពើអាក្រក់ដែលសង្គមស្អប់ខ្ពើម។

ជាមួយនេះដែរសម្តេចព្រះមហាសង្ឃរាជ បានផ្តល់ឱវាទដល់ពុទ្ធបរិស័ទជាសិស្សគណទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះជួយគ្នាទៅវិញ ទៅមក ប្រកបដោយភាពស្មោះត្រង់ មេត្តាធម៌ ករុណាធម៌ ឧបេក្ខាធម៌ ចេះគោរពប្រតិបត្តិអ្នកមានគុណ ចាស់ព្រឹទ្ធាចារ្យ គ្រូបាធ្យាយ រួមចំណែកជាមួយរាជរដ្ឋាភិបាល ជួយការងារសង្គម រួមគ្នាលើកស្ទួយអភិវឌ្ឍន៍ ពុទ្ធចក្រ និងអាណាចក្រនោះទើបគ្រួសារ និងសង្គមជាតិមានភាពសុខដុមរមនា និងមានភាពរីកចម្រើន ថ្កុំថ្កើងរុងរឿង៕