(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានបន្ដដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយស្តីពី «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដើម្បីឈានឆ្ពោះខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ដល់សាមណសិស្ស និងនិស្សិតចំនួន ៤០៥អង្គ/នាក់ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃកម្ពុជា និងជាព្រះសាកលវិទ្យាធិការ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ។

ការចុះផ្សព្វផ្សាយនេះ បានប្រព្រឹត្ដទៅនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ។ក្នុងឱកាសនោះលោកស្រីបានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្វាយនូវអំណរព្រះរាជគុណចំពោះ សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ដែលបានព្រះរាជានុញ្ញាតដល់សាមណសិស្ស និងនិស្សិត បានចូលរួមកម្មវិធីផ្សព្វផ្សាយថ្ងៃនេះ ដើម្បីបង្កើនពុទ្ធិ រួមចំណែកអភិវឌ្ឍធនធានមនុស្ស ដែលមានសុខភាពល្អ និងមានសមត្ថភាព។

លោកស្រីបានវាយតម្លៃខ្ពស់ចំពោះក្មួយៗនិស្សិតដែលចូលរួមកម្មវិធីថ្ងៃនេះ មានការយល់ដឹងខ្ពស់ពីការថែទាំសុខភាព និងការចូលរួមចំណែកក្នុងការពង្រឹងភាពធន់នឹងអាកាសធាតុ ជាពិសេសក្មួយៗបានប្តេជ្ញាចិត្តក្នុងការបន្តផ្សព្វផ្សាយដល់ក្រុមគ្រួសារ និងប្រជាជន ដែលកិច្ចការងារនេះគឺជាការផ្តោតរបស់កាកបាទក្រហមកម្ពុជា រហូតដល់សម្រេចដាក់ចេញនូវប្រធានបទសម្រាប់ទិវា ៨ ឧសភា ឆ្នាំនេះ គឺ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»

ជាមួយគ្នានេះ លោកស្រីបានគូសបញ្ជាក់ពីគោលបំណងសំខាន់ចំនួន៤ នៃការប្រារព្ធទិវា ៨ឧសភា គឺ (១) រំលឹកដល់ការបង្កើតចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម (ហៅកាត់ថា ចលនាអន្តរជាតិ) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៦៣។ ចំណែកឯកាកបាទក្រហមកម្ពុជា ត្រូវបានបង្កើតឡើង នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ និងត្រូវបានបញ្ចូលជាសមាជិកទី៨៥ របស់សហព័ន្ធអន្តរជាតិ ឆ្នាំ១៩៦០ គឺត្រូវចូលរួមប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ។ (២)ផ្សព្វផ្សាយពីអ្វីដែល កាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើ (៣)បង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា (៤)បន្តអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីកៀរគររកមូលនិធិ។

មានព្រះរាជបន្ទូលនាឱកាសនោះ សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានមានព្រះរាជហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ បានរៀបចំឱ្យមានការផ្សព្វផ្សាយពីទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ៨ឧសភា និងជាឱកាសបង្ហាញពីបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនសាធារណជនជាតិ និងអន្តរជាតិ រួមជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការកាត់បន្ថយភាពក្រីក្រ​ ការលើកកម្ពស់វិស័យសុខភាពសាធារណៈ និងការពង្រឹងភាពធន់របស់សហគមន៍ទៅនឹងការប្រែប្រួលអាកាសធាតុ នាវេលាព្រឹកដ៏សែនមនោរម្យនេះ។

សម្តេចជាអម្ចាស់​ បានមានព្រះរាជបន្ទូលថា «ជាការពិតណាស់ បញ្ហាសុខភាពសាធារណៈ និងបញ្ហាអាកាសធាតុ គឺជាក្តីបារម្ភសាកល និងជាភារកិច្ចដែលយើងទាំងអស់គ្នាត្រូវចូលរួមដោះស្រាយ ព្រោះថាយើងទាំងអស់គ្នាជាមនុស្សដែលរស់នៅលើផែនដីរួមគ្នា។ ផែនដី គឺជាផ្ទះ គឺជាជម្រកដែលផ្តល់ឱ្យយើងទាំងអស់គ្នារស់រានមានជីវិត បង្កើតគ្រួសារ សហគមន៍ និងសង្គមមួយបាន។ ដោយសារតែការប្រែប្រួលអាកាសធាតុ ការវិវត្តនៃសង្គមនីមួយៗ ការផ្លាស់ប្តូរនូវបែបផែនរស់នៅ ជាពិសេសការទទួលទានអាហារ និងរបៀបរបបនៃការថែទាំសុខភាព បានជះឥទ្ធិពលយ៉ាងច្រើនចំពោះការរស់នៅរបស់មនុស្ស ក្នុងនោះយើងក៏បានឆ្លងកាត់នូវបទពិសោធន៍ទទួលរងនូវវិបត្តិជាច្រើនដូចជា៖ ការផ្ទុះជាសាកលនៃជំងឺឆ្លងកូវីដ-១៩ ទឹកជំនន់រហ័ស ខ្យល់កន្ត្រាក់ គ្រោះថ្នាក់ចរាចរណ៍ អគ្គិភ័យជាដើមដែលធ្វើឱ្យប៉ះពាល់យ៉ាងធំធេងដល់ជីវិតមនុស្ស សត្វ ហេដ្ឋារចនាសម្ព័ន្ធ ដំណាំកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ»

សម្តេចជាអម្ចាស់​ ក៏សូមសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ថ្នាក់ដឹកនាំ​ មន្ត្រី​ អ្នកស្ម័គ្រចិត្ត​ និងយុវជនកាកបាទក្រហមកម្ពុជា​ទាំងអស់ ដែលកន្លងមកបាននិងកំពុងបំពេញការងារយ៉ាងយកចិត្តទុកដាក់ អនុវត្តនូវបេសកកម្មរបស់ខ្លួនឆ្ពោះទៅរកទិសដៅក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ ការប្រែប្រួលអាកាសធាតុ សុខភាពសាធារណៈ ការលើកកម្ពស់គុណតម្លៃនៃការងារមនុស្សធម៌ និងការអភិវឌ្ឍស្ថាប័នជាដើម ហើយកិច្ចការងារទាំងអស់នេះ គឺសុទ្ធសឹងតែទទួលបាននូវផ្លែផ្កាគួរឱ្យគត់សម្គាល់សម្រាប់ជួយដល់ប្រជាជនកម្ពុជាទូទាំងប្រទេស។

សូមបញ្ជាក់ថា​ ចុងបញ្ចប់នៃកម្មវិធី​ លោកស្រីអគ្គលេខាធិការរងទី​១​ បានថ្វាយនូវលិខិតសរសើរ​ និងថ្លែងអំណរព្រះរាជគុណរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប្រធានកាកបាទក្រហមកម្ពុជា​ ថ្វាយ​ សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត និងប្រគេន-ជូនកាដូអនុស្សាវរីយ៍ដល់សាមណសិស្ស​ និស្សិត​ ១០អង្គ/នាក់​ បានឡើងឆ្លើយសំណួរក្នុងកម្មវិធីផ្សព្វផ្សាយខាងលើនេះផងដែរ៕