(បាត់ដំបង)៖ លោកទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បាននាំ យកថវិកា និងគ្រឿងឧបភោគបរិភោគមួយ​ចំនួនទៀតជា​អំណោយ​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ទៅចូលរួមរំលែកមរណទុក្ខគ្រួសារសពបុរសម្នាក់ ដែលស្លាប់ដោយសារការផ្ទុះមីនតោនក្នុងភូមិប៊ួរុន ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា លោក ជិន កំសាន្ត អាយុ ៣៧ឆ្នាំ កាលពីថ្ងៃទី០១ ខែកញ្ញា កន្លងទៅនេះ បានស្លាប់បាត់បង់ជីវិតដោយសារការផ្ទុះមីន តោន ពេលកំពុងជិះត្រាក់ទ័រភ្ជួរដីចំការ។

អំណោយរបស់សម្តេចតេជោ ហ៊ុន សែន ដែលប្រគល់ជូនគ្រួសារសពនាព្រឹកថ្ងៃនេះ រួមមាន៖ អង្ករ ១ការ៉ុង ទម្ងន់ ៥០គីឡូក្រាម មី១កេស ត្រីខ ១យួរ ទឹកផ្លែឈើ ១កេស ទឹកក្រូច ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹសុទ្ធ ១កេស និងថវិកា ៦០០,០០០រៀល ព្រមទាំងជួយឧបត្ថម្ភអង្ករ១ការ៉ុង ជូនដល់កូនស្រីទាំង ៤នាក់ ជារៀងរាល់ខែរហូតដល់ពួកគេធំពេញវ័យ និងមានគ្រួសារ។

បន្ទាប់ពីបានចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសពហើយនោះ លោក សេរី កុសល ក៏បានចុះទៅពិនិត្យកន្លែងផ្ទុះមីនផងដែរ។

បន្ទាប់ពីចុះពិនិត្យទីតាំងផ្ទុះមីនរួច លោកទេសរដ្ឋមន្រ្តី សេរី កុសល ក៏បានធ្វើដំណើរចុះសំណេះសំណាលសាកសុខទុក្ខជនពិការដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម  អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋកំពុងរស់នៅភូមិប៊ួរុន ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង សិក្សាបន្ថែម និងស្តាប់ការរាយការណ៍របស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋពីបញ្ហាមីន ដើម្បីដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាលឆ្នាំ២០១៧-២០២៥។

បន្ទាប់ពីបានស្តាប់របាយការណ៍ ស្តីពីស្ថានភាពភូមិសាស្ត្រ និងប្រវត្តិ នៃគ្រោះថ្នាក់ថ្នាក់មីនរបស់លោកអភិបាលរងស្រុក លោកមេឃុំ មេភូមិ និងមានការលើកឡើងពីការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ អំពីហានិភ័យខ្ពស់នៃគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅក្នុងដីចំការរបស់ពួកគាត់រួចមក លោកទេសរដ្ឋមន្ត្រី បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងបានលើក​ឡើងពីប្រវត្តិសាវតានៃសង្គ្រាមនៅក្នុងប្រទេសកម្ពុជា។ ជាពិសេសក្នុងស្រុក រតនៈមណ្ឌលនេះផ្ទាល់ ដែលជាអតីតតំបន់មូលដ្ឋានសមរភូមិប្រយុទ្ធក្តៅគគុកចុងក្រោយ ដែលចាំបាច់ត្រូវការបោស​សំអាតមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម។

លោក សេរី កុសល ក៏បានផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដោយបានណែនាំប្រជាពល រដ្ឋកុំឲ្យលេងប៉ះពាល់ កែច្នៃគ្រាប់ ជាពិសេសធ្វើការព្យួររាស់​ត្រាក់ទ័រ ឬកាប់ឆ្ការព្រៃ ដើម្បីធ្វើស្រែចំការដាំដំណាំ ព្រោះដីតំបន់នេះមិនទាន់បានធ្វើការបោសសំអាតមីនទាំងស្រុងនៅឡើយ។ លោកបានផ្តាំផ្ញើប្រជាពលរដ្ឋថា នៅពេលបានឃើញ ឬសង្ស័យថា មានគ្រាប់មីន ឬគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន។

ក្រោយសំណេះសំណាល លោកទេសរដ្ឋមន្ត្រី បានចែកគ្រឿងឧបភោគបរិភោគជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ដល់ជនពិការដោយសារមីនចំនួន ៤នាក់ ដោយម្នាក់ៗ ទទទួលបានអង្ករ ១ការ៉ុង ទម្ងន់ ៥០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកក្រូច ១កេស ទឹកផ្លែឈើ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ទឹកសុទ្ធកេស និងថវិកាម្នាក់ៗ ២០០,០០០ រៀល។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី ក៏បាននាំយកថវិកាសម្តេចតេជោនាយករដ្ឋមន្ត្រី ចែកជូនពលរដ្ឋក្រីក្រ ៨៥នាក់ ម្នាក់ៗទទួលបាន ២០,០០០រៀល ជូនអាជ្ញាធរមូលដ្ឋាន១១នាក់ ម្នាក់ៗទទួលបានថវិកា ៥០,០០០រៀល និងកងកម្លាំង ១២នាក់ ម្នាក់ៗទទួលបានថវិកា ៤០,០០០រៀល៕