(ភ្នំពេញ)៖ នៅល្ងាចថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤នេះ បន្ទាប់ពីបានជួបពិភាក្សាការងាររួចហើយនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានរៀបចំអាហារពេលល្ងាចជូនលោកស្រី ផេថងថាន ស៊ីណា​វ៉ាត់ត្រា ប្រធានគណបក្សភឿថៃ និងគណៈប្រតិភូផងដែរ។

ពិធីពិសារអាហារពេលល្ងាចបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។ ពិធី​ពិសារ​អាហារនោះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលជាចាស់ទុំរបស់​គណ​បក្សប្រជាជន​កម្ពុជាផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៨ ខែមីនា នេះ លោកស្រី ផេថងថាន ស៊ីណា​វ៉ាត់ត្រា ប្រធានគណបក្សភឿថៃ ដែលជាបក្សកំពុងកាន់អំណាចនៅក្នុងប្រទេសថៃ បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេលមួយថ្ងៃតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន។

ក្នុងដំណើរទស្សនកិច្ចនេះ មរតកឈាមអ្នកនយោបាយរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាអ្នក​នយោបាយដ៏មានប្រជាប្រិយភាពរបស់ថៃ ទទួលបានការស្វាគមន៍ និងបដិសណ្ឋារកិច្ចប្រកបដោយភាព​កក់​ក្តៅបំផុតពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នព្រឹទ្ធសភា, រដ្ឋសភា និងរាជរដ្ឋាភបាល។

សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ី ស៊ីណាវ៉ាត្រា មានទំនាក់ទំនងស្អិតល្មួតល្អូកល្អិនប្រៀប​ដូចជា​បងប្អូន លើសពីទំនាក់ទំនងក្នុងនាមជាអ្នកនយោបាយមានប្រទេសជាប់របងគ្នា។ បើទោះបីមានវ័យ​នៅ​ក្មេងយ៉ាងណាក្តី ប៉ុន្តែដំណើរទស្សន​កិច្ចប្រធានបក្សភឿថៃ ដែលជាកូនស្រៅពៅរបស់លោក ថាក់ស៊ីន ទទួលបានការទទួលស្វាគមន៍កក់ក្តៅ​បំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន អ្នកនយោបាយដ៏មាន​ឥទ្ធិពល​នៅកម្ពុជា។

ទស្សនកិច្ចរបស់ប្រធានបក្សភឿថៃ ដែលជាបក្សកាន់អំណាចនៅប្រទេសថៃ ជាការបង្ហាញឱ្យឃើញនូវស្មា​រតីពូនជ្រុំទំនាក់ទំនងល្អរវាងបក្ស និងបក្ស ប្រទេស និងប្រទេស ដូចអ្វីដែលលោក ថាក់ស៊ី ធ្លាប់បានធ្វើពេលលោកកាន់អំណាច៕