(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក Seog-dae YUN ប្រធានសាជីវកម្មទឹកកូរ៉េ (K-Water) និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) ដឹកនាំគណៈប្រតិភូកូរ៉េ ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនេះលោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកប្រធានសាជីវកម្មទឹកកូរ៉េ និងគណៈប្រតិភូ ដែលបានឆ្លៀតពេលដ៏មានតម្លៃ ដើម្បីជួបពិភាក្សាការងារកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយម។ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះ កិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបានទទួលស្គាល់នូវភាពជាដៃគូដ៏សំខាន់រវាងក្រសួងធនធានទឹក និងឧតុនិយម និងសាជីវកម្ម ទឹកកូរ៉េ (K-Water) ក៏ដូចជា៖ ក្រុមប្រឹក្សាទឹកអាស៊ី (AWC) ក្នុងការកសាង និងការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានជម្រាបប្រាប់គណៈប្រតិភូសាជីវកម្មកូរ៉េ ថាប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនៅលើសាកលលោក កំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធទឹក និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមដើម្បីធានាបាននូវសុវត្ថិភាពទឹកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច ព្រមទាំងជួយកាត់បន្ថយ ភាពក្រីក្រ ស្របតាម យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

លៀតក្នុងកិច្ចជំនួបនេះដែរ លោករដ្ឋមន្រ្តីក៏បានស្នើឱ្យសាជីវកម្មទឹកកូរ៉េ ពិចារណាផ្តល់ជំនួយបន្ថែមលើវិស័យឧតុនិយម ជាពិសេសជួយទាំងបច្ចេកទេសការជួសជុល និងការដំឡើងស្ថានីយរ៉ាដា Doppler បន្ថែមហោចណាស់ ៤-៥ នៅទូទាំងប្រទេស ដើម្បីធានាប្រសិទ្ធភាពការព្យាករ និងកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយធម្មជាតិ។

លោក Seog-dae YUN ប្រធានសាជីវកម្មទឹកកូរ៉េ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះលោករដ្ឋមន្រ្តីដែលបានអនុញ្ញាតឱ្យគណៈប្រតិភូសាជីវកម្មទឹកកូរ៉េ បានជួបសម្តែងការគួរសម និងពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ទាក់ទងនឹងបញ្ហាអាកាសធាតុ និងគម្រោងនានាពាក់ព័ន្ធទឹក និងការប្រែប្រួលអាកាសធាតុក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការកូរ៉េ ដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានសន្ទុះឈានឡើងប្រកបដោយចីរភាព។

ជាមួយគ្នានេះលោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ក្រសួងធនធានទឹក និងឧតុនិយមនាពេលកន្លងមក និងបានគូសបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយដល់ការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម នៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ទន្ទឹមនឹងនេះ ប្រធានសាជីវកម្មទឹកកូរ៉េ ក៏នឹងអញ្ជើញលោករដ្ឋមន្រ្តី ថោ ជេដ្ឋា និងគណៈប្រតិភូកម្ពុជា ដើម្បីចូលរួមវេទិកាទឹកពិភពលោកនាខែឧសភា នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បាននឹងកំពុង អនុវត្តគម្រោងជាច្រើនក្រោមកិច្ចសហប្រតិបត្តិការជាមួយសាជីវកម្មទឹកកូរ៉េ (K-Water) និងក្រុមប្រឹក្សាទឹកអាស៊ី (AWC) គិតចាប់តាំងពីឆ្នាំ១៩៩៩ មានទី១៖ ផែនការគ្រប់គ្រងទឹកជំនន់សម្រាប់ការអភិវឌ្ឍតំបន់ដីសណ្ដទន្លេមេគង្គ, ទី២៖ គម្រោងស្តារប្រព័ន្ធធារាសាស្ត្របឹងតាមោក, ទី៣៖ ផែនការមេនៃការអភិវឌ្ឍធនធានទឹកនៅកម្ពុជា, ទី៤៖ គម្រោងសិក្សាសមិទ្ធិលទ្ធភាពលើការអភិវឌ្ឍទំនប់ពហុបំណងពោធិ៍សាត់, ទី៥៖ ការសិក្សាគម្រោងអាងទឹកស្ទឹងក្រាំងពន្លៃ និងជាទីប្រឹក្សាលើការសិក្សាគ្រោងប្លង់លម្អិត និងត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍អាងស្ទឹងក្រាំងពន្លៃ ស្ថិតក្នុងខេត្តកំពង់ស្ពឺ និងកំពង់, ឆ្នាំងទី៦៖ ទីប្រឹក្សាលើការសិក្សាគ្រោងប្លង់លម្អិត និងត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់មង្គលបូរី, ទី៧៖ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន និងទី៨៖ គម្រោង អភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងខេត្តបាត់ដំបង។

ដោយឡែកតាមរយៈ AWC K-Water មានទី១៖ គម្រោងគ្រប់គ្រងទឹកអាងដៃនៃទន្លេមេគង្គចំនួន៤ គឺព្រែកព្រះ ព្រែកគ្រាង ព្រែកកាំពី និង ព្រែកទេរ ទី២៖ ផែនការមេស្រុកគងពិសី ខេត្តកំពង់ស្ពឺ មួយផ្នែកនៃដងស្ទឹងព្រែកតូច, ទី៣៖ ការសិក្សាលើគម្រោងគ្រប់គ្រងធនធានទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង, ទី៤៖ ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លើការគ្រប់គ្រងធនធានទឹក តាមវិធីសាស្រ្តចម្រុះ, ទី៥៖ គាំទ្រលើការរៀបចំ និងសម្របសម្រួលកិច្ចប្រជុំ និងវេទិកាទឹកថ្នាក់តំបន់ និងថ្នាក់សកលលោក៕