(សៀមរាប)៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានង្ហើបឲ្យដឹងថា នៅក្នុងឆ្នាំ២០២៤នេះ ព្រឹត្តិការណ៍ធំៗ ដែលពាក់ព័ន្ធនិងវិស័យទេសចរណ៍ នឹងមានច្រើនក្នុងនោះក៏មានដែរព្រឹត្តិការណ៍ធំៗលំដាប់អន្តរជាតិ។ ប៉ុន្តែលោកមិនទាន់បង្ហាញឲ្យដឹងនៅឡើយទេ ថាព្រឹត្តិការណ៍ទាំងនោះមានអ្វីខ្លះ។ យ៉ាងណាមិញ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ព្រឹត្តិការណ៍ទាំងនោះនឹងចាប់ផ្ដើមពីខែមេសា ខាងមុខនេះតទៅ។

ជាមួយគ្នានេះ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់ថា គោលដៅទេសចរណ៍របស់កម្ពុជានៅឆ្នាំ២០២៤នេះ រួមមានទេសចរណ៍ចិន និងឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើន ហើយចេញដើរកំសាន្តច្រើនជាងគេនៅលើពិភពលោក។

ការបញ្ជាក់របស់លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ ខាងលើបានធ្វើឡើងឆ្លើយតបនិងសំណួររបស់ក្រុមអ្នកសារព័ត៌មាន នៅខាងមុខប្រាសាទអង្គរវត្ត ដែលដឹកនាំឲ្យក្លឹបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ជាប្រធាននៅក្នុងកម្មវិធី «បេសកកម្មព័ត៌មាន ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំ ពីសក្ដានុពលទេសចរណ៍ខេត្តសៀមរាប»៕