(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ​ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង​ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងលោក លោកស្រីសិក្ខាកាមជាច្រើនរូប។

ការរៀបចំសិក្ខាសាលានាឱកាសនេះ គឺជាមូលដ្ឋានដ៏ចាំបាច់មួយ ក្នុងការបញ្ជ្រាបនូវចំណេះដឹងពាក់ព័ន្ធទៅនឹងកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានជាអាទិ៍ដូចជា រចនាសម្ព័ន្ធនៃការដឹកនាំ យន្តការនៃការអនុវត្ត ផែនការសកម្មភាពលម្អិត ដែឡត្រូវបានកំណត់ជាទិសដៅការងារ និងសូចនាករគន្លឹះ(KPI) របស់កម្មវិធីកំណែទម្រង់នេះ។

តាមរយៈរបាយការណ៍ថ្លែងដោយ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង បានជម្រាបអំពីសាវតានៃកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយគិតមកដល់បច្ចុប្បន្ន ការអនុវត្តការងារនេះ បានឈានចូលដល់ដំណាក់កាលទី៤ ដែលជាដំណាក់កាលចុងក្រោយ បន្ទាប់ពីត្រូវបានអនុវត្តអស់រយៈពេល ២០ឆ្នាំ កន្លងមក ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧ ខាងមុខនេះ ដែលមានគោលដៅគន្លឹះគឺ “ការងារគណនេយ្យភាពសមិទ្ធកម្ម” សំដៅទៅដល់ការទទួលខុសត្រូវផ្អែកលើលទ្ធផលការងារ។

បន្ថែមពីនេះ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនអំពីសមិទ្ធផលការងារធំៗ ដែលក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសម្រេចបានកន្លងមក និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ក្នុងការបន្តអនុវត្តកម្មវិធីកែទម្រង់ដើម្បីសម្រេចឱ្យបានជោគជ័យ នូវគោលដៅកែទម្រង់ ក្នុងដំណាក់កាលទី៤ នេះ ក្នុងនាមជាប្រតិបត្តិករ។

នាឱកាសនោះ​លោក​ ប៉េង​ ពោធិ៍នា បានលើកឡើងថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានចក្ខុវិស័យប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីប្រព័ន្ធផ្តោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ ទៅជាប្រព័ន្ធដែលផ្តោតលើលទ្ធផល ឬ សមិទ្ធកម្ម និងមានលក្ខណៈវិមជ្ឈការ ស្របតាមស្តង់ដារ និងឧត្តមានុវត្តន៍អន្តរជាតិ។

លោករដ្ឋមន្ត្រី បានយកឱកាសនេះគូសរំលេចនូវការងារជាអាទិភាពគន្លឹះចំនួន ១២ចំណុច សម្រាប់ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង យកទៅពិនិត្យរៀបចំ និងជំរុញការអនុវត្ត រួមមាន៖

១៖​ បន្តបង្កើនភាពជាម្ចាស់ការក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្របតាមគោលការណ៍រួមរបស់រាជរដ្ឋាភិបាល។
២៖​ បន្តពង្រឹងយន្តការសម្របសម្រួល, សង្កត់ភាព និងភាពប្រទាក់ក្រឡាគ្នារវាង កម្មវិធីកែទម្រង់សំខាន់ៗទាំងឡាយរបស់រាជរដ្ឋាភិបាល។
៣៖​ បន្តប្រកាន់ខ្ជាប់នូវ អភិក្រមការងារ ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់” ដែលជាអភិក្រមកាងារដ៏ម៉ឺងម៉ាត់ និង ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។
៤៖​ ជំរុញការងារប្រមូលចំណូលពីសេវាសាធារណៈរបស់ក្រសួង ដោយអនុវត្តតាម ប្រព័ន្ធស្វ័យប្រវត្តិកម្ម ឱ្យបានចប់សព្វគ្រប់នៅក្នុងដំណាក់កាលទី ៤ នេះ។
៥៖​ ជំរុញការអនុវត្តនីតិវិធី នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឱ្យបានម៉ត់ចត់ ត្រឹមត្រូវ ដោយធានានូវការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋគ្រប់ប្រភេទរបស់ក្រសួង ឱ្យមាន ប្រសិទ្ធភាព និងគង់វង្ស ជាពិសេសដោយផ្តោតទៅលើការកត់ត្រា និងគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការបញ្ចូលទិន្នន័យទ្រព្យសម្បត្តិរដ្ឋទៅក្នុង ប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (SARMIS)។
៦៖​ ពន្លឿនការរៀបចំផ្តល់សិទ្ធិអំណាចដល់អង្គភាពថវិកា ដើម្បីប្រែក្លាយខ្លួនជា អង្គភាពថវិកាពេញលេញនាពេលខាងមុខ។
៧៖​ ជំរុញការរៀបចំ និងការអនុវត្តនូវក្របខ័ណ្ឌថវិការយៈពេលមធ្យម កម្មវិធីវិនិយោគ សាធារណៈ ផែនការយុទ្ធសាស្ត្រថវិកា និងការរៀបចំផែនការថវិកាប្រចាំឆ្នាំ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស័ក្តិសិទ្ធភាព។
៨៖​ ពង្រឹង និងបន្តការអនុវត្តយុទ្ធសាស្ត្រកែទម្រង់សំខាន់ៗ ដែលត្រូវបានដាក់ចេញ រួចហើយដោយរាជរដ្ឋាភិបាល ដោយបន្តផ្តល់ការគាំទ្រ និងមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់ការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ។
៩៖​ ការផ្តោតអាទិភាពលើ “សមិទ្ធកម្ម” ជាមូលដ្ឋានគ្រឹះក្នុងការចរចា និងអនុម័ត ថវិកាកម្មវិធីប្រចាំឆ្នាំ។
១០៖​ ពង្រឹងការរៀបចំគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMM) របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងផ្សព្វផ្សាយជូនគ្រប់ អង្គភាពថវិកាទាំងអស់ឱ្យបានច្បាស់លាស់ និងស៊ីជម្រៅ។
១១៖​ ការពង្រីកវិសាលភាព និងការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ឱ្យបានពេញលេញ។

១២៖​ ពង្រឹងការត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តថវិកាសមិទ្ធកម្ម របស់ អង្គភាពថវិកាក្រោមឱវាទក្រសួង។

លោករដ្ឋមន្ត្រី ក៏បានបង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ផ្តល់នូវពុទ្ធិ ឆន្ទៈ ស្មារតីកែទម្រង់ និងការយល់ដឹងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួង ដែលជាមន្ត្រីបង្គោលទទួលបន្ទុក ដើម្បីសម្រេចឱ្យបាននូវគោលដៅកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

លោករដ្ឋមន្ត្រី បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំទទួលបន្ទុក ក្រុមការងារទទួលបន្ទុក និង មន្ត្រីបង្គោលពាក់ព័ន្ធទាំងអស់ សូមបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ឱ្យសម្រេចបានជោគជ័យ ស្របទៅតាមផែនការសកម្មភាពការងារនានាក្នុងដំណាក់កាលទី៤ ដែលបានគ្រោងទុក ព្រមទាំងសម្រេចបាននូវលទ្ធផលការងារជូនក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាផងដែរ៕