(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលរបស់លោក បានធ្វើការឃាត់ខ្លួន អតីតសមាជិកក្រុមប្រឹក្សាឃុំអារក្សត្នោត មកពីគណបក្សសង្គ្រោះជាតិ (CNRP) ពីបទស្លៀកពាក់ឯកសណ្ឋានខុសច្បាប់ (ក្លែងជាក្រុមប្រឹក្សាឃុំ) នៅក្នុងបរិវេណការិយាល័យចុះឈ្មោះបោះឆ្នោត ក្នុងអនុវិទ្យាល័យបែកអន្លូង ភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា ជននេះមានឈ្មោះ ពិន ថាត អាយុ៦៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ (អតីតក្រុមប្រឹក្សាឃុំអារក្សត្នោត គណបក្សសង្គ្រោះជាតិអាណត្តិទី២) បានស្លៀកពាក់ឯកសណ្ឋានជាក្រុមប្រឹក្សាឃុំ ចូលទៅអង្គុយនៅក្នុងបរិវេណការិយាល័យចុះឈ្មោះបោះឆ្នោត ដោយពុំមានតួនាទីភារកិច្ចអ្វីឡើយ។

បច្ចុប្បន្នជនសង្ស័យត្រូវបានយកទៅសួរនាំ នៅប៉ុស្តិ៍នគរបាលដើម្បីចាត់ការតាមនីតិវិធីបន្តទៀត។

យោងតាមក្រមព្រហ្មទណ្ឌ មាត្រា៦១២ បានចែងថា «បទប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ ជាអាទិ៍សម្រាប់អាជ្ញាធរសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និងពិន័យជាទឹកប្រាក់ពី១សែនរៀលទៅ២លានរៀល»៕